(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យជនជាតិម្នាក់ និងរឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម នៅទីតាំងភូមិសាស្ត្រ២ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង០១​៖៤០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបករណី ជួញដូររក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅផ្សេងគ្នា៖ គោលដៅទី១ នៅមុខសណ្ឋាគារកាសា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅខុនដូរមួយកន្លែងនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ តាក ជ័ង (DA ZHANG) ភេទប្រុស កើតឆ្នាំ១៩៩០ ជនជាតិចិន។ វត្ថុតាងចាប់យកបាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៤៥០.៩១ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១៦២៤.៥២ក្រាម, គ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៥,៩៨ក្រាម។ សរុបសារធាតុញៀនទម្ងន់ ២០៨១.៤១ក្រាម (២គីឡូ ៨១.៤១ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

សូមជម្រាបថា ជាការគត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗស្ទើរតែរាល់ថ្ងៃ ដោយឃាត់ខ្លួនឧក្រិដ្ឋជន បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍នីតិវិធីផងដែរ។

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឲ្យអស់ កម្លាំងជំនាញមន្ទីរបានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស៕