(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ វេលាម៉ោង២១ និង២០នាទី និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណី គ្រឿងញៀន នៅចំណុចទីតាំងខុនដូរ ១(មួយ) កន្លែង ស្ថិតនៅផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ ជាបន្តបន្ទាប់ចំនួន៣នាក់ និងរកឃើញម្សៅក្រាមសថ្លា ដែលមានតម្រុយជាគ្រឿងញៀនខុសច្បាប់មានទម្ងន់សរុប ១៦.៥២៦,៥៣ក្រាម និងម្សៅចម្រុះពណ៌ទម្ងន់ ៥.៦២២ក្រាម។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ៣នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបួងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះតំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ទាំង៣នាក់ និងបក្ខពួកពីបទ ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៧ និងមាត្រា៤៨ នៃច្បាប់ស្តី ការត្រួតពិនិត្យគ្រឿងញៀន៕