(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានបញ្ចប់ជាស្ថាពរគម្រោងប្រព័ន្ធទឹកកខ្វក់ ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍ចំនួន៥ ក្នុងនោះក៏មានគម្រោងចំនួន ៣ កំពុងដំណើរការសាងសង់ផងដែរ។

លោក ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសបានអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា «ក្នុងឆ្នាំ២០២៣ ក្រសួងបានបញ្ចប់ជាស្ថាពរគម្រោងប្រព័ន្ធទឹកកខ្វក់ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍ ចំនួន៥គម្រោងរួមមាន៖ គម្រោងសាងសង់ប្រព័ន្ធការពារទឹកជំនន់នៅ ក្រុងអ្នកលឿង,គម្រោងសាងសង់បណ្តាញ លូទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងកំពត, ក្រុងស្ទឹងសែន, ក្រុងពោធិ៍សាត់, និងគម្រោង សាងសង់ ទីលានកប់សំរាមនៅក្រុងក្រចេះ»។

ជាមួយគ្នានោះ លោក ប៉េង ពោធិ៍នា បានបន្ថែមថា ចំពោះគម្រោងកំពុងដំណើរការសាងសង់មានចំនួន ៣គម្រោងរួមមាន៖

ទី១៖ គម្រោងសាងសង់ថ្មីបណ្ដាញលូគ្រប់ប្រភេទស្ថិតក្នុងក្រុងបាវិត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សិរីសោភ័ណ ប៉ោយប៉ែត កំពង់ធំ កំពត កំពង់ចាម ក្រចេះ និងស្ទឹងត្រែង,

ទី២៖ គម្រោងសាងសង់ថ្មីស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ ស្ថិតក្នុងក្រុងបាវិត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សិរីសោភ័ណ ប៉ោយប៉ែត ស្ទឹងសែន កំពត កំពង់ ចាម ក្រចេះ និងស្ទឹងត្រែង និង

ទី៣៖ គម្រោងសាងសង់ថ្មីទីលានទុកដាក់សំរាមស្ថិតក្នុងក្រុងបាវិត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សិរីសោភ័ណ ប៉ោយប៉ែត ស្ទឹងសែន កំពត កែប កំពង់ចាម ក្រចេះ និងស្ទឹងត្រែង៕