(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿងផងដែរ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។

លោក ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា «ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី(EV)ចំនួន ៦០៤គ្រឿងផងដែរ។ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។ យានយន្តដែលត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មានចំនួន ៦៥៦ ៩១៦គ្រឿង»

លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន៧ ៥៦៣ ៣៩៥ គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប ១៣៣៥គ្រឿង។ ក្រសួងក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង។

ចំពោះសមិទ្ធិផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ ២០២៣ រួមមាន៖ ទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ បានបើកយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាពក្នុងក្រុងសៀមរាប ៥០០មួក ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងបានប្រគល់មួកសុវត្ថិភាពចំនួនបានចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋបានចំនួន ៥ ៩៧៣នាក់ បានចែកមួកសុវត្ថិភាពសរុប ៧០៤៤មួក និងស្ទីកយ័រចំណាំងផ្លាតប្រមាណ ១៣ម៉ឺនសន្លឹក ជូនប្រជាជនដោយឥតគិតថ្លៃ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្ថែមថា ចំពោះសមិទ្ធិផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បច្ចេកទេស និងយានយន្តកែច្នៃខុស រួមមាន៖ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២ ៩២៧ ៩៤១គ្រឿង ក្នុងនោះយានយន្តពិន័យ (លើសទម្ងន់ចាប់ពី ៥%ឡើងទៅ) មានចំនួន ២ ២៤៧គ្រឿង, ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន ៣៧ ២៧៦គ្រឿង ក្នុងនោះពិនិត្យ ឃើញយានយន្តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន ៧ ៨១៣ គ្រឿង៕