(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជា៣០០គ្រួសារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តព្រះសីហនុ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋបាលខេត្ត ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយដោះស្រាយវិវាទដីធ្លីនៅចំណុចអូរទ្រាកជាប់អូរដារ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ថ្លែងប្រាប់អ្នកយកព័ត៌មានលោក លោក ឈុំ ឡី តំណាងប្រជាពលរដ្ឋមួយរូប ក្នុងចំណោមជាង៣០០គ្រួសារ បានរៀបរាប់ថា ពេលថ្មីៗកន្លងមកនេះ ក្រុមការងារមន្ត្រីសូរិយោដីខេត្តព្រះសីហនុ បានចុះវាស់វែងទីតាំងដីបានប្រហែល ជាង៥០ ទៅ៦០ភាគរយទៅហើយ ដោយមិនមានការរាំងស្ទះនោះទេ ប៉ុន្តែបែរជាលេចឡើងមានពាក្យបណ្តឹងសុំទប់ស្កាត់មិនឲ្យមានការវាស់វែងពីបុគ្គលឈ្មោះ សៅ សុខ ដោយបានប្តឹងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមិនបានជូនដំណឹងមកកាន់ប្រជាពលរដ្ឋជាមុន ធ្វើឲ្យពួកគាត់មានការងឿងឆ្ងល់ជាខ្លាំង។

លោកបន្តថា ក្នុងរយៈពេលដ៏ខ្លីមកទៀត ក៏មានការស្នើសុំប្តឹងទប់ស្កាត់មួយមកទៀត គឺបណ្តឹងរបស់ឈ្មោះ តែង សុខនីន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកបានឲ្យដឹងបន្ថែមថា បន្ទាប់ពីមានរឿងបែបនេះពលរដ្ឋជាង ៣០០គ្រួសារ បានដាក់ពាក្យបណ្តឹងទៅកាន់ភូមិឃុំ តែមេឃុំហាក់មានការមិនពេញចិត្ត នឹងទទួលពាក្យបណ្តឹងរបស់ពួកគាត់នោះឡើយ ទើបតែមួយរយៈក្រោយទើបមេឃុំបានទទួល ហើយបន្តដាក់ពាក្យបណ្តឹងរហូតដល់ថ្នាក់ស្រុក ប៉ុន្តែការដោះស្រាយហាក់មិនមានប្រសិទ្ធភាព ទើបរុញឲ្យប្រជាពលរដ្ឋទាំងអស់ស្ថិតនៅក្នុងដីទំនាស់បានដាក់ពាក្យស្នើសុំអន្តរាគមន៍មកកាន់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែកុម្ភៈ។

លោកបានគូសបញ្ជាក់ថា ដីដែលពួកគាត់អាស្រ័យផលអស់ជាច្រើនឆ្នាំកន្លងមកនេះ គឺបានទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានពិតប្រាកដ តែមួយចំនួនទៀតនៅមិនទាន់មានការដឹងឮដល់អាជ្ញាធរនៅឡើយ ព្រោះតែប្លង់ខ្លះទើបតែ កាត់ចេញទៅឲ្យកូន ក្មួយជាដើម។

ក្រោយបានដាក់ពាក្យបណ្តឹង, លោក ឈុំ ឡី រួមទាំងប្រជាពលរដ្ឋជាង៣០០គ្រួសារ សូមឲ្យមានការទទួលស្គាល់ និងដោះស្រាយឲ្យមានការវាស់វែងបន្តទៀត និងបានចេញបណ្ណកម្មសិទ្ធស្របច្បាប់ ដើម្បីបន្តការរស់នៅ សុខដុមរមនាជួបជុំគ្រួសារ និងធ្វើការរកស៊ីចិញ្ចឹមជីវិតដូចកាលដើម ព្រោះក្នុងតំបន់នេះបានវាស់វែងរួចរាល់ ៥០ ទៅ៦០ភាគរយទៅហើយ។

បន្ទាប់ពីបានសម្ភាសន៍ និងលើកឡើងរបស់ប្រជាពលរដ្ឋរួចមក, លោក ង៉ែត សំណាង មេភូមិពូធឿង បានប្រាប់សារព័ត៌មានថា ការលើកឡើង និងចោទប្រកាន់ទៅលើរូបគាត់ និងមន្ត្រីសូរិយោដីទទួលការងារក្នុងតំបន់វិនិច្ឆ័យ គឺមានការយល់ច្រឡំខ្លះ ក្នុងកំឡុងពេលសុំដាក់ពាក្យបណ្តឹង។ ផ្ទុយទៅវិញលោកបានបញ្ជាក់ថា ក្នុងតំបន់អូរទ្រាកជាប់នឹងអូរដារនេះ ប្រជាពលរដ្ឋជាង៣០០គ្រួសារ ពិតជាបានរស់នៅអាស្រ័យផលផ្សេងៗជាយូរឆ្នាំពិតមែន ពោលគឺចាប់ពីកំឡុងឆ្នាំ១៩៩៥មកម្ល៉េះ។

លោក ហេង ជីវី មន្ត្រីសូរិយោដីទទួលបន្ទុកផ្នែកវាស់វែងក្នុងតំបន់វិនិច្ឆ័យឃុំបិតត្រាំង បានប្រាប់ឲ្យដឹងថា ក្នុងមានជាមន្ត្រីជំនាញ លោកបើកចិត្តទូលាយជាមួយប្រជាពលរដ្ឋ ទាំងក្រុមការងារ ជាក់ស្តែងក្នុងករណីខាងលើដែលបាន លើកឡើងនោះ គឺលោកនឹងសុំគោលការណ៍ដើម្បីចុះត្រួតពិនិត្យបន្តថា ទីតាំងនោះមានពាក់ព័ន្ធបញ្ហាអ្វីខ្លះឲ្យប្រាកដ និងឈានទៅដល់ការផ្តល់ព័ត៌មានលម្អិតជូនបងប្អូនប្រជាពលរដ្ឋតាមពេលក្រោយ៕