(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ បានជំរុញលើកទឹកចិត្តដល់ស្រ្តីជាមាតាគ្រប់រូប ត្រូវថែទាំសុខភាពខ្លួន កុមារ និងទារកឲ្យបានល្អ ពិសេសរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។

លោកបានជំរុញបែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុង ទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកថា «ការអនុវត្តវិធានការគន្លឹះ ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនេះ បានគូសបញ្ជាក់ឲ្យឃើញនូវសមិទ្ធផលយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងបន្តអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ក្នុងការឆ្លើយតបទៅនឹងការវិវត្តន៍ដ៏ស្មុគស្មាញនៃសភាការណ៍ជាតិ​ អន្តរជាតិ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងបញ្ហាដ៏ទៃទៀត បានយ៉ាងល្អប្រសើរ តាមរយ:ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន និងកម្មវិធីផ្ដល់អត្ថប្រយោជន៍គាំពារសង្គមមួយចំនួនទៀត»