(ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៤ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៣០០កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៤ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃស្អែកនេះ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chokchey, ធនាគារ ស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Bamboo និងក្រុមហ៊ុន MEKONGNET។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក យ៉ង់ ម៉ារីយ៉ា មន្ត្រីជ្រើសរើសបុគ្គលិកនៃធនាគារ ស្ថាបនា បានលើកឡើងថា វេទិកាការងារស្អែកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការនាំយកឱកាសការងារ ជូនដល់ អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។ លោកបានបន្ថែមថា ជម្រើសដ៏ប្រសើរនោះគឺអ្នកចូលរួមស្វែងរកការងារអាចដាក់ CV របស់ពួកគាត់តាមក្រុមហ៊ុន ដែលគាត់ស្រឡាញ់ ព្រោះមានក្រុមហ៊ុនច្រើនដែលចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះតែម្តង។

មន្ត្រីជ្រើសរើសបុគ្គលិកនៃធនាគារស្ថាបនារូបនេះ បានអំពាវនាដល់អ្នកដែលនឹងមកចូលរួមក្នុងវេទិកាការងារនៅថ្ងៃស្អែកនេះ សូមត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន និងរៀបចំខ្លួនឱ្យបានស្អាតដើម្បីដាក់ពាក្យជាមួយក្រុមហ៊ុនដែលខ្លួនស្រឡាញ់។ ពិសេសមុននឹងមកសម្ភាសជាមួយ ក្រុមហ៊ុនណាមួយសូមស្រាវជ្រាវព័ត៌មានពីក្រុមហ៊ុននោះជាមុនសិន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕