(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិ បាននាំយកអំណោយរបស់លោក រួមមាន៖ ថវិកា ៣០០,០០០រៀល អង្ករ ចំនួន២០០គីឡូ ក្រាម ទឹកសុទ្ធវីតាល់ ៥កេស មី ៣កេសតូច ទឹកក្រូច ៣កេស ប្រគល់ជូនដល់ក្រុមគ្រួសារលោកគ្រូឈ្មោះ ចាន់ ពៅ អាយុ៧៦ឆ្នាំ ជាអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរី ដែលមានជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ទោ សោម សារុន ក៏បានពាំនាំសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោស្នងការ ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខដល់ក្រុមគ្រួសារ លោកគ្រូ និងបានជម្រាបជូនលោកគ្រូ ប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អ និងទៅព្យាបាលឲ្យបានទៀងទាត់។

លោកបញ្ជាក់ថា អំណោយទាំងនេះទោះថ្វីត្បិតតែមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី ដល់ក្រុមគ្រួសារលោកគ្រូបានមួយរយ:ផងដែរ។

លោកគ្រូ ចាន់ ពៅ ព្រមទាំងក្រុមគ្រួសារ ក៏បានបង្ហាញនូវស្នាមញញឹម សម្តែងនូវការរំភើប និងបានគោរពថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារលោកគ្រប់ពេលវេលា សូមគោរពជូនពរលោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕