(ភ្នំពេញ)៖ លោក​ ប៉ាក់​ សុខុម​ រដ្ឋលេខាធិការ​ តំណាងលោក សុខ​ សូកេន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នាថ្ងៃទី២៨​-កុម្ភៈ-២០២៤នេះ បានចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលាបណ្តុះបណ្តាល​អំពី​និន្នាការ​ និងតម្រូវការ​របស់ទេសចរ​មូស្លីម​ដល់​ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍​។

ក្នុងនោះ​ក៏មានការចូលរួម​ពីលោក​ ហួត​ ហៃ​ អភិបាល​រង​រាជធានីភ្នំពេញ​ គណៈអ៉ីមាំ​រាជធានីភ្នំពេញ​ វិស័យឯកជន​នៃឧស្សាហកម្មទេសចរណ៍​ក្នុងតំបន់​រាជធានី​ភ្នំពេញ​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​​សរុប១៨០នាក់​ នៅសណ្ឋាគារភ្នំពេញ​។

លោក​ ប៉ាក់​ សុខុម​ បានគូសបញ្ជាក់​ពី​សក្តានុពល​នៃទេសចរណ៍​មូស្លីម​ ដែលក្រសួងទេសចរណ៍​ចាត់ទុកជា​ទីផ្សារមួយដ៏សំខាន់​សម្រាប់គោលដៅកម្ពុជា​។

លោកបាន​បញ្ជាក់​ថា​ ដោយសារ​កត្តា​សុខសន្តិភាព​ ស្ថិរភាព​ និងគោលនយោបាយ​សុខដុមនីយកម្ម​តាំងពីដើមរៀងមក​ ក្រោម​មគ្គុទ្ទេសក៍​ដឹកនាំរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ ក៏ដូចជាការបន្តដឹកនាំរបស់រាជរដ្ឋាភិបាល​​អាណត្តិ​ទី៧​ នៃរដ្ឋសភានេះ​ ដែលមានសម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ បានធ្វើឱ្យ​កម្ពុជា​ក្លាយជាប្រទេស​ដែលមានភាព​លេចធ្លោ​មួយ​ទៅកាន់ពិភពនៃ​បណ្តាប្រទេស​ឥស្លាម​។

កិច្ចការនេះ​សមស្រប​ជាមួយនឹងការដាក់ចេញ​នូវ​គំនិតផ្តួចផ្តើម​របស់​លោក​ សុខ​ សូកេន​ បង្កើន​៥​ អភិវឌ្ឍ​៣​ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមរបស់ក្រសួងទេសចរណ៍​ បានដាក់ចេញកន្លងមក​ផងដែរ ដែលនឹងធ្វេីឲ្យកម្ពុជាជាគោលដៅ​ដែលផ្តល់ភាពកក់ក្តៅ​ និងភាព​ទាក់ទាញ​សម្រាប់​ទេសចរមូស្លីម​។

លោក​ កាទេី​ មហាំម៉ាត់ណោសស្រុី​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារ​ទេសចរណ៍​មូស្លីម​ នៃក្រសួងទេសចរណ៍​ បានឲ្យដឹងថា​ ដោយសារ​ភ្ញៀវ​មូស្លីម​ ពួកគាត់​មានតម្រូវការ​មួយចំនួន​ដូចជា​ ម្ហូបអាហារហាឡាល​,​ ការ​បដិសណ្ឋារកិច្ច​ និងការ​ផ្តល់សេវាកម្ម​បែបមូស្លីជាដេីម​ ទាមទារ​ឲ្យ​វិស័យ​ឯកជន​ ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ យល់ដឹង​អំពី​និន្នាការ​ និងតម្រូវការ​ភ្ញៀវ​មូស្លីម​។ ដូច្នេះ​វគ្គបណ្តុះបណ្តាល​នេះ​សំខាន់ណាស់​ គឺមានបំណង​ចង់ឲ្យ​វិស័យឯកជន​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​បានយល់ដឹង​អំពី​តម្រូវការ​របស់​ភ្ញៀវមូស្លីម​ ដេីម្បី​ងាយស្រួល​ឲ្យ​មូលដ្ឋានអាជីវកម្មរបស់ពួកគាត់​ បានរៀបចំ​ទទួល​ បដិសណ្ឋារកិច្ច​លល្អប្រសេីរជូនដល់​ទេសចរ​មូស្លីម​។

លោក​បានបន្ថែមថា​ ការទាក់ទាញ​ទេសចរមូស្លីម​ មិនត្រឹមតែជំរុញកំណេីនទេសចរណ៍ប៉ុណ្ណោះទេ​ ប៉ុន្តែ​វាថែមទាំងជួយជំរុញ​ការវិនិយោគ​ ជាពិសេស​ការវិនិយោគលេីវិស័យហាឡាល​ ដែលកម្ពុជាជាប្រទេស​មានសក្តានុពលស្រាប់​ទាំង​កសិកម្ម​ និង​ឧស្សាហកម្ម​។

គួររំលេចថា​ វគ្គបណ្តុះបណ្តាល​នេះនឹងបន្ត​ធ្វេីនៅតាមបណ្តាគោលដៅខេត្តមួយចំនួនទៀត​ ដូចជា​ សៀមរាប​ ព្រះសីហនុ​ និងខេត្តត្បូងឃ្មុំផងដែរ​៕