(ភ្នំពេញ)៖ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ- ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC)។

កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេសក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

សូមជម្រាបជូនថា ក្រុមហ៊ុន CRBC គ្រោងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS) ហើយនឹងដាក់ជូន រាជរដ្ឋាភិបាល ពិនិត្យសម្រេចនាដើមខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខ៕