(ភ្នំពេញ)៖ ក្រុមសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់៤,០០០នាក់មកពីជុំវិញពិភពលោក នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប។

ការណ៍នេះបានឱ្យដឹងក្នុងឱកាសជំនួបពិភាក្សារវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

ជំនួបនេះគឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក លី ឧត្តម បានបញ្ជាក់ថា «មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ៤,០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក»។

លោករដ្ឋមន្រ្តី សុខ សូកេន បានបង្ហាញការគាំទ្រចំពោះការរៀបចំមហាសន្និបាតនេះ និងបានចាត់ទុកព្រឹត្តិការណ៍នេះជាការចូលរួមចំណែកយ៉ាងធំក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាប៕