(ស្ទឹងត្រែង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ) នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តផែនការសកម្មភាពត្រីមាសទី២ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោក ស៊ី សួន អភិបាលរងខេត្ត តំណាងអភិបាលខេត្តស្ទឹងត្រែង និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំខេត្តស្ទឹងត្រែង ចំនួន១៦០នាក់។

លោក ស៊ី សួន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃជាបន្តបន្ទាប់កន្លងមក។

អភិបាលរងខេត្ត បានបន្តថា ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីសំណាក់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គឺបានជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយផ្នែក ជួយថែរក្សាសុខភាពប្រជាពលរដ្ឋ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលបានដាក់ចេញគោលនយោបាយសុខាភិបាល ជាវិស័យអទិភាពទី១ នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានគោលដៅពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។

ថ្លែសំណេះសំណាលទៅកាន់ក្រុមគ្រូពេទ្យលោក លេង ផាលី បានលើកឡើងថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយសំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

លោក លេង ផាលី បានបន្តថា បច្ចុប្បន្នក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួន ១,៨៦២លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៥៩,៦៧៣នាក់។

លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្មដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,១៦៤ដូស ទូទាំង២៥ រាជធានី-ខេត្ត៕