(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៥៦៥គ្រឿង ម៉ូតូ​ និង Passapp ចំនួន​៣៨៣គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៥៦៥នេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​១៥នាក់ រកឃេីញវិជ្ជមានចំនួន​ ៥នាក់ ​(ផាកពិន័យតាមគោលការណ៍)។
*ទី២៖ ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​៧នាក់​ វិជ្ជមាន១នាក់​(ខ្មែរ​)​។
*ទី៣៖ ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ១៧៦គ្រឿង​​​ (​គ្មានអាវុធ​ឆ្លងកាត់​)​។
*ទី៤៖ ឃាត់រក្សាទុករថយន្ត៦គ្រឿង​(គ្មាន​បណ្ណ​បើកបរ)​ និងម៉ូតូ២គ្រឿង​ (បេីកបរក្នុងស្ថានភាពស្រវឹង​ និងមានឧបករណ៍ប្រេីប្រាស់សារធាតុញៀន​។
*ទី៥៖ ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក​សុវត្ថិភាព​ចំនួន​៣នាក់​ និងម៉ូតូគ្មានបណ្ណបេីកបរ៤គ្រឿង​​​​ (ផាកពិន័យ​តាមគោលការណ៍​)
*ទី៦៖ ឃាត់ខ្លួនបាន​៣នាក់​ (​ចិន២នាក់​) ករណីរក្សាទុក​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន​។
*ទី៧៖ អប់រំនៅនឹងកន្លែង៣០នាក់​ (ចិន១០នាក់)​។

គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕