(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋម​ន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Brian D. McFeeter អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក ព្រមទាំងសមាជិកជាន់ខ្ពស់ប្រមាណ១៥ក្រុមហ៊ុន នាំមុខនៅសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការចូលរួមចំណែកជួយដល់ការធ្វើបរិវត្តកម្មឌីជីថល និងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួង និងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក៕