(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈមួយ ដោយបញ្ជាក់ថា នឹងធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល (បើកសវនការ) លើសំណុំរឿងរដ្ឋប្បវេណី លេខ២៣៩៧ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងរដ្ឋប្បវេណី លេខ២៣៩៧ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានដើមចោទ ឈ្មោះ យឿង សុឃឹម ភេទស្រី កើតថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៨៦ មានអាសយដ្ឋាននៅ ផ្ទះលេខ៥៧៥ អ៊ី៣ ផ្លូវលេខ១៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានលោកមេធាវី សុក រដ្ឋា អត្តលេខ២៧០៧ ជាមេធាវីតំណាងដោយអាណត្តិដើមចោទ។

បើតាមសេចក្តីជូនដំណឹង ស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈដដែល ចំពោះ សហចុងចម្លើយ រួមមាន៖

* ១៖ ឈ្មោះ យឿន សុខយិញ ភេទស្រី កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩៩ មុខរបរ បុគ្គលិកធនាគារ អេស៊ីលីដា មានអាសយដ្ឋានបច្ចុប្បន្ននៅអាគារលេខ៦១ មហាវិថីមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
* ២៖ ឈ្មោះ ឡុង ចិត្រា ភេទប្រុស កើតថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៨៨ មុខរបរ វិស្វករ មានអាសយដ្ឋាន អាគារលេខ៦១ មហាវិថីមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្មវត្ថុនៃបណ្ដឹង គឺស្នើសុំឲ្យតុលាការចេញសាលក្រមសម្រេច ដូចខាងក្រោម៖

* ក៖ បង្គាប់ឲ្យសហចុងចម្លើយបង់ប្រាក់ចំនួន ២៦,៦០០ (ពីរម៉ឺនប្រាំមួយពាន់ប្រាំមួយរយ)ដុល្លារ ឲ្យមកដើមចោទ។
* ខ៖ ទាមទារសំណងជំងឺចិត្ត និងសេវាកម្មច្បាប់ចំនួន ៥,០០០ (ប្រាំពាន់)ដុល្លារ។
* គ៖ សុំអនុវត្តជាបណ្តោះអាសន្នលើប្រាក់ដើមចំនួន ២៦,៦០០ (ពីរម៉ឺនប្រាំមួយពាន់ប្រាំមួយរយ)ដុល្លារ។
* ឃ៖ ប្រាក់ពន្ធលើកម្មវត្ថុបណ្ដឹង និងប្រាក់ប្រដាប់ក្ដីជាបន្ទុករបស់សហចុងចម្លើយ។

ដោយហេតុថា តុលាការមិនអាចធ្វើការកោះហៅចុងចម្លើយតាមរបៀបនៃការបញ្ជូនបង្គ្រប់កិច្ច និងការបញ្ជូនដោយទុកចោលបាន ទើបតុលាការធ្វើចំណាត់ការទៅតាមនីតិវិធី នៃការបញ្ជូនតាមការផ្សាយជាសាធារណៈ តាមពាក្យស្នើសុំធ្វើការផ្សាយជាសាធារណៈ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ របស់លោកមេធាវី សុក រដ្ឋា ជាតំណាងដោយអាណត្តិឲ្យដើមចោទឈ្មោះ យឿង សុឃឹម។ តុលាការ បានកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០ នាទីព្រឹក ជាកាលបរិកាលបរិច្ឆេទនៃការធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដូចមាននៅក្នុងដីកាកោះ ដែលបានបិទនៅកន្លែងសម្រាប់បិទប្រកាសរបស់តុលាការ៕