(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីជាមួយលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC Group និងលោក Michael Waibel តំណាងគម្រោង Build4People ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្លាស់ប្តូរឆ្ពោះទៅកាន់ទីក្រុងអេកូឡូស៊ី ឆ្នាំ២០២៤ នៃគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើនគុណភាពការរស់នៅនៃប្រជាជនក្នុងទីក្រុងនៅកម្ពុជា (Build4People)»។
លោក Michael Waibel តំណាងគម្រោង Build4People បានលើកឡើងថា គម្រោងនេះ មានគោលបំណងក្នុងការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍតំបន់ទីក្រុងប្រកបដោយចីរភាព លើកកម្ពស់និរន្តរភាពនៃអគារ និងតំបន់ជុំវិញប្រកបដោយចីរភាព ព្រមទាំងលើកកម្ពស់គុណភាពនៃការរស់នៅក្នុងទីក្រុង។ ជាមួយគ្នានោះ លោក ទូច សំណាង បានបង្ហាញនូវការពេញចិត្ត ក្នុងការសហការជាមួយក្រុមការងារគម្រោង និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែករំលែកបទពិសោធន៍រួមគ្នាក្នុងការការកសាងទីក្រុងបៃតង និងស៊ីវិល័យ។
ឆ្លើយតបនឹងការលើកឡើងលើ លោក នួន ផារ័ត្ន បានថ្លែងអំណរគុណដល់សាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ ដែលបានគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងដំណើរការនៃការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ លោកអភិបាលរងបានអរគុណដល់អ្នកជំនាញ និងសាស្ត្រាចារ្យ ក៏ដូចជាក្រុមនិស្សិតដែលបានចូលរួមក្នុងការងារនេះ ព្រមទាំងបានលើកទឹកចិត្ត ឲ្យបន្តការសិក្សាស្រាវជ្រាវ ឲ្យបានម៉ត់ចត់ឈានទៅបញ្ចប់ការសិក្សា ឲ្យបានទាន់ពេលវេលាកំណត់។
ទន្ទឹមនោះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន OCIC Group ផងដែរ និងសហការីបុគ្គលិកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងនរា ជូនដល់ក្រុមការងារ និងសិស្សានុសិស្ស ដែលនេះបានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់របស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោក នួន ផារ័ត្ន ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតម្លៃសន្តិភាពថា «ការអភិវឌ្ឍរបស់ទីក្រុងមិនអាចកាត់ផ្តាច់ចេញពីគុណតម្លៃនៃសន្តិភាពបានឡើយ» ពីព្រោះបើសិនជាគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍទីក្រុង និងការអភិវឌ្ឍនគរូបនីយកម្មនោះឡើយ។ ក្នុងអត្ថន័យរួមគ្នារក្សាសន្តិភាព និងរួមគ្នាក្នុងការអភិវឌ្ឍទីក្រុង លោកអភិបាលរងបានជំរុញលើកទឹកចិត្តសិស្សានុសិស្ស ដែលបានចូលរួមនៅក្នុងសិក្ខាសាលា ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងជាពិសេស ស្វែងយល់ ឲ្យបានល្អិតល្អន់អំពីគម្រោងដ៏ល្អមួយនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះជាគម្រោងមួយ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ តាមរយៈស្ថានទូតអាលឺម៉ង់ ក្នុងការជួយគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងវិស័យនគរូបនីយកម្មប្រកបដោយចីរភាព ជាពិសេសនៅតំបន់ភាគខាងត្បូង ដែលមានការរីកចំរើនខ្លាំងគួរឲ្យកត់សម្គាល់ ស្របទៅតាមគោលការណ៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព៕