(រតនគិរី)៖ ក្រុមការងារចម្រុះថ្នាក់ខេត្តរតនគិរី បានបើកប្រតិបត្តិការរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែមីនា ឆ្នាំ២២៤ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់ ដែលលួចចូលដីកម្ពុជា ដោយខុសច្បាប់ ព្រមទាំងរឹបអូសបានគ្រឿងចក្រជាច្រើនគ្រឿង ដែលបម្រើឱ្យសកម្មភាពវ៉ៃព្រៃជីកកាយយករ៉ែមាស ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ)។
ក្រុមការងារចម្រុះថ្នាក់ខេត្តនេះ ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត អមដោយតំណាងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលស្រុកអណ្តូងមាស, ស្រុកតាវែង, ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មន្ត្រីឧទ្យានជាតិ ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ទាក់ទិនទៅនឹងក្រុមការងារចម្រុះចុះស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស និងស្រុកតាវែង ខាងលើនេះដែរ លោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ យ៉ាងខ្លីថា៖ «ឱ្យសួរទៅលោក ម៉ា វិចិត្រ ព្រោះគាត់ដឹកនាំក្រុមការងារគាត់អត់បានជ្រាបទេតែលោក ម៉ា វិចិត្រ ទូរស័ព្ទចូលច្រើនដងអត់ទទួល»។
ចំណែកឯលោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជានាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃដដែលឱ្យដឹងថា ក្រុមការងារកំពុងធ្វើការស៊ើបអង្កេត ពួកគាត់ជាជនបរទេសមន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីជំនាញកំពុងចាត់ចែង។
ប្រភពព័ត៌មានផ្សេងទៀតបានបង្ហើបប្រាប់ឱ្យដឹងថា បើគ្មានការគប់គិតពីមន្ត្រីយោធា, មន្ត្រីនគរបាល, មន្ត្រីបរិស្ថានឈរជើងនៅតំបន់ខាងលើទេ គឺជនជាតិវៀតណាមជាច្រើននាក់ និងគ្រឿងចក្រជាច្រើនគ្រឿងចូលទៅធ្វើសកម្មភាព វ៉ៃព្រៃជីកកកាយ យករ៉ែមាសរង្គើដី ព្រៃព្រឹក្សាក្នុងតំបន់កន្ទុយនាគ ដោយងាយស្រួលនោះទេ ព្រោះជនជាតិវៀតណាម មិនស្គាល់ផ្លូវចូលទៅតំបន់នោះទេពោលគឺ «ខ្មោចស្រុកឱ្យដៃ, ខ្មោចព្រៃវាហ៊ាន» ដូច្នេះសូមសមត្ថកិច្ចថ្នាក់លើ មេត្តាចុះត្រួតពិនិត្យការងារសមត្ថកិច្ចខិលខូចមួយចំនួននៅខេត្តរតនគិរី៕