(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ក្នុងការសាងសង់ផ្លូវដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន និងណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវសហការគ្នាក្នុងការទប់ស្កាត់រាល់សំណង់អនាធិបតេយ្យផ្សេងៗនៅសល់ខាងផ្លូវ ដែលនាំឲ្យឆាប់ខូចខាតផ្លូវនិងនាំឲ្យកកស្ទះលូ។

លោកអំពាវនាវដូច្នេះនាឱកាសចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវកៅស៊ូ DBFT 2 ជាន់នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

លោកបានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវរុះរើសំណង់អនាធិបតេយ្យផ្សេងៗ ដែលរំលោភដីចំណីផ្លូវជាបន្ទាន់ ជាពិសេសម្ចាស់ផ្គត់ផ្គង់អគ្គិសនីត្រូវរុះរើបង្គោលភ្លើងឲ្យបានទាន់ពេលវេលា ជៀសវាងការដាច់ភ្លើងនៅពេលដែលការសាងសង់ផ្លូវទៅដល់ ហើយរដ្ឋាករទឹកស្វយ័តស្ទោងត្រូវធ្វើការរុះរើកែសម្រួលប្រព័ន្ធផ្គត់ផ្គង់ទឹកឲ្យបានទាន់ពេលវេលា ជៀសវាងការដាច់បណ្ដាញទឹកធ្វើឲ្យខកខានក្នុងការប្រើប្រាស់តម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកក៏បានណែនាំដល់រដ្ឋបាលឃុំម្សាក្រង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាក្នុងការទប់ស្កាត់រាល់សំណង់អនាធិបតេយ្យផ្សេងៗនៅសល់ខាងផ្លូវ ដែលនាំឲ្យឆាប់ខូចខាតផ្លូវនិងនាំឲ្យកកស្ទះលូ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានចិត្តសប្បាយរីករាយក្រៃលែងជាមួយនឹងសមិទ្ធផលថ្មីនេះ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន ដែលទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដែលពួកគាត់ពិបាកធ្វើដំណើរ ក៏ដូចជាដឹកភោគផលដំណាំដែលពិបាកទាំងរដូវប្រាំងនិងរដូវវស្សា។

គួរបញ្ជាក់ថា ផ្លូវដែលត្រូវសាងសង់នៅពេលនេះមានប្រវែង ២៥៥៥ម ទទឹង៨ម ដែលជាគម្រោងថវិកាសាងសង់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ៕