(ពោធិ៍សាត់)៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងកងអន្តរាគមន៍ប្រមាណជិត ៣០០នាក់ ជាមួយមធ្យោបាយ-គ្រឿងបំពាក់ ចេញទៅភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់ ដើម្បីជួយគាំទ្រទៅដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាន នឹងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ក៏បានសហការជាមួយកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយគាំទ្រ និងចុះប្រតិបត្តិការនៅលើគោលដៅសំខាន់ៗចំនួន ១០ក្នុងភូមិសាស្ត្រផ្សេងៗគ្នានៃស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ហើយដែលគោលដៅទាំង១០នោះមានដូចជា៖

*គោលដៅទី១៖ (ចំណុចខ្នង ១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)
*គោលដៅទី២៖ (ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាលវែង)
*គោលដៅទី៣៖ (ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ ឃុំអន្លង់រាប និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង)
*គោលដៅទី៤៖ (ចំណុចសហគមន៍ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង)
*គោលដៅទី៥៖ (ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង)
*គោលដៅទី៦៖ (ចំណុចជើងភ្នំខ្មោច ក្នុងភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០ ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង)
*គោលដៅទី៧៖ (ចំណុចខាងមុខ និងចំណុចខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើរពី វាលវែង)
*គោលដៅទី៨៖ (ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើរពី ស្រុកវាលវែង)
គោលដៅទី៩៖ (ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវ៉ាញ)
និងគោលដៅទី១០៖ (ចំណុចអូរទី២ អូរតាសូ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង)។

យុទ្ធនាការនៃការបង្ក្រាបបើគិតមកទល់ពេលនេះគឺមានរយះពេល០៩ថ្ងៃ ដោយគិតពីថ្ងៃទី១៣-២១ ខែមីនា ឆ្នាំ២០២៤នេះ សម្រាប់លទ្ធផលក្នុងរយៈពេល០១សប្ដាហ៍កន្លងមកនេះ(ពីថ្ងៃទី១៣-១៩ ខែមីនា ឆ្នាំ២០២៤) មានដូចខាងក្រោម៖

ទី១៖ បានឃ្លុំដីទុកជាសម្បត្តិរដ្ឋបានចំនួន ៤,៧៤៣.៧១២ហិកតា។

ទី២៖ បានបញ្ជូនជនសង្ស័យទៅតុលាការបានចំនួន ០១នាក់។

ទី៣៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់(ស្រី០២នាក់) ប្រគល់ឱ្យមន្ទីរបរិស្ថានខេត្ត។

ទី៤៖ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០៣ករណី។

ទី៥៖ បានកំណត់មុខសញ្ញាចំនួន ០៨នាក់ បន្តនីតិវិធីទៅតុលាការ។

ទី៦៖ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យវិលទៅលំនៅដ្ឋានវិញបានចំនួន ២៦នាក់។

ទី៧៖ សម្ភារៈដកហូតរក្សាទុកជាវត្ថុតាង ម៉ូតូ០៥គ្រឿង រ៉ឺម៉ក០១គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ០៤គ្រឿង រណារយន្ត២៣គ្រឿង ម៉ាស៊ីនខួងរណ្ដៅ០១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ០៥គ្រឿង ធុងបាញ់ថ្នាំស្មៅ០២ធុង ម៉ាស៊ីនកាត់ស្មៅ១២គ្រឿង ផាលត្រាក់ទ័រ០៦ផាល ផ្លែរណារយន្ត០២ផ្លែ តាបឈូសឈើ០១គ្រឿង កាំភ្លើងកែច្នៃ០៤ដើម កាំបិត០៦ដើម ម៉ែត្រ០១ដុំ អាគុយ០៤ធុង ផាលគាស់ដំឡូង០១គ្រឿង ឧបករណ៍ឆក់ត្រី០១គ្រឿង ស៊ីទែន ទឹក០១ ប្រគល់ឲ្យជំនាញបរិស្ថានខេត្ត។

ទី៨៖ បានធ្វើការរុះរើ ខ្ទមប្រក់ស័ង្កសី២៨ខ្ទម រោងប្រក់កៅស៊ូតង់៤២រោង រោងប្រក់ស្លឹក០៩រោង ខ្ទមបណ្ដោះអាសន្ន៣៤ខ្ទម បង្គោលរបង ឈើ ១,៣៧២ដើម បន្លាលួស ១,២០០ម៉ែត្រ។

ទី៩៖ បានធ្វើការកាប់បំផ្លាញ ដុតចោលនៅហ្នឹងកន្លែង រោងប្រក់កៅស៊ូតង់៦០រោង រោងប្រក់ស័ង្កសី៣៩រោង រោងប្រក់ស្លឹក២២រោង ផ្ទះប្រក់ស័ង្កសី០៤ខ្នង ផ្ទះប្រក់ស្បូវ០២ខ្នង ខ្ទមបណ្ដោះអាសន្ន១១ខ្ទម បង្គោលរបងថ្ម២០ដើម បង្គោលរបងឈើ៧៨៥ដើម ដើមត្របែក៥០ដើម ដើមមៀន២៩ដើម ដើមសាវម៉ាវ៥០ដើម ដើមល្ហុង៤០ដើម ដើមក្រូច ៤៨៧ដើម ដើមចេក ១,០៤១ដើម ដើមស្វាយ១០៣ដើម ដើមដូង៣៥៧ដើម ដើមម្កាក់២០ដើម ដើមខ្នុរ០៤ដើម ដើមដំឡូងមី ១៦,២៣៨បាច់ និង០៥ហិកតា មើមដំឡូងមី៥០ការ៉ុង និងដំណាំចម្រុះ២៩០ដើម។

ទន្ទឹមនឹងលទ្ធផលខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានប្រឈមនឹងបញ្ហាមួយចំនួនដូចជា អាកាសធាតុក្តៅ និងពិបាកទឹកប្រើប្រាស់នៅគោលដៅមួយចំនួន ភូមិសាស្ត្រជួបការលំបាកក្នុងការចុះប្រតិបត្តិការ ទីតាំងប្រតិបត្តិការមួយចំនួននៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ភូមិសាស្ត្រដែលត្រូវចុះប្រតិបត្តិការមួយចំនួនមិនមានសេវាទូរស័ព្ទអាចទាក់ទងគ្នាបាន៕