(ភ្នំពេញ)៖ លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រង និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីអបអរសាទរ និងសំណេះសំណាល ជាមួយនិស្សិត អ.ម.ត ចំនួន១៣៤រូប ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ក្រុម២ ផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ឡាវ វ៉ាន់ បានផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានកិត្តយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដល់អង្គពិធី ព្រមទាំងបានសម្តែង ការអបអរសាទរ និងកោតសរសើរដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងទទួលបានការងារនៅក្នុងវិស័យរដ្ឋ និងឯកជនជាង៨៦ភាគរយ។

បន្ថែមពីនោះលោក បានគូសរំលេច អំពីគោលបំណង របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដោយចង់ឃើញនិស្សិតគ្រប់រូប បានបញ្ចប់ការសិក្សា ដោយជោគជ័យ ក្នុងក្របខណ្ឌអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងទទួលបានផ្លែផ្កាក្នុង ជីវិតក្រោយពីបញ្ចប់ការសិក្សា៕