(ភ្នំពេញ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី ការឌីហ្សាញស្ពាន «Bridge Design» ដោយមានការចូលរួមពីវិស្វករជំនាញ មកពីអង្គភាពថ្នាក់កណ្ដាល របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥ រាជធានី-ខេត្ត ដែលជាអង្គភាពអនុវត្តការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតក្រោមអាណាប័កក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប ព្រមទាំងមានការចូលរួមពីតំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងនិស្សិតមកពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់ឱ្យវិស្វករ អ្នកជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ ស្វែងយល់បន្ថែមនូវវិធីសាស្ត្រឌីហ្សាញស្ពាន ដែលធ្វើបទបង្ហាញដោយអ្នកជំនាញការ មកពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Cooperation – CRBC) ដើម្បីទទួលបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញស្ពាន ក្នុងន័យអនុវត្តការងារស្ថាបនាស្ពានឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងតម្រូវការប្រើប្រាស់ និងចក្ខុវិស័យក្នុងការស្ថាបនាស្ពានធំៗដោយវិស្វិករខ្មែរ។

លោករដ្ឋលេខាធិការ បានរំលេចពីសារៈសំខាន់ក្នុងការរៀបចំ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសនីមួយៗ ដែលមិនមែនត្រឹមតែការបណ្ដុះបណ្ដាលតែមួយផ្នែកនោះទេ ការរៀបចំនេះក៏ជាវេទិកាមួយសម្រាប់អ្នកបច្ចេកទេសផ្លូវថ្នល់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ដែលបានឆ្លងកាត់កន្លងមកលើការងារ សាងសង់ទៅតាមស្ថានភាពទីតាំងភូមិសាស្រ្តរៀងៗខ្លួន

លោក យិត បុណ្ណា ក៏បានជំរុញឱ្យសិក្ខាកាមយកចំណេះ ដែលទទួលបាន បម្រើដល់ការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាធ្វើការបណ្តុះបណ្ដាលបន្ត ដើម្បីបំពេញបន្ថែមនូវចំណុចដែលកំពុងខ្វះខាត របស់ក្រុមការងារបច្ចេកទេសនៃសាមីអង្គភាពនីមួយៗ ក្នុងន័យចូលរួមពង្រឹងនូវគុណភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងស្នើឱ្យអគ្គនាយកដ្ឋានបច្ចេកទេស បន្តពិនិត្យលើមុខវិជ្ជាចាំបាច់មួយចំនួនទៀតជាអាទិភាព ដែលត្រូវរៀបចំបណ្តុះបណ្តាលនាពេលខាងមុខបន្តទៀត៕