(ព្រះវិហារ)៖ សមិទ្ធិផលនានានៅក្នុងវត្តចន្ទនិមិត្ត ហៅវត្តរវៀង ស្ថិតនៅភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាជិត ៣០០លានរៀល ត្រូវបានរៀបចំធ្វើពិធីបុណ្យឆ្លង និងផ្កាប្រាក់សាមគ្គី ក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋជិតឆ្ងាយជាច្រើនរូបទៀត

លោក អ៊ុក គឹមសាន បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ នាពិធីបុណ្យឆ្លង និងផ្កាប្រាក់សាមគ្គី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថា ដោយសារមានកត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីពីអាណត្តិទី១ ដល់អាណត្តិទី៦ និងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ខ្លាំងទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងរំលឹកពីការដឹកនាំប្រទេសក្រោមរបបប្រល័យពូជសាសន៍ប៉ុលពតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានលុបបំបាត់អ្វីៗទាំងអស់ សូម្បីតែវិស័យព្រះពុទ្ធសាសនាក៏មិនឱ្យមាននោះទេ ដោយគេយកទីវត្តអារ៉ាមដែលជាទីសក្ការៈរបស់យើង ទៅធ្វើជាឃ្លាំងដាក់សម្ភារនិងជាកន្លែងឃុំឃាំងធ្វើទារុណកម្មមនុស្យយ៉ាងឃោរឃៅព្រៃផ្សៃបំផុត។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យវិស័យអាណាចក្រ និងពុទ្ធចក្រ មានការរីកចម្រើន ប្រជាពលរដ្ឋមានសិទ្ធសេរីភាពឡើងវិញរហូតសព្វថ្ងៃនេះ។

លោក អ៊ុក គឹមសាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានរួមសាមគ្គីគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន រួមចំណែកក្នុងកសាងសមិទ្ធិផលនានានៅក្នុងវត្ត ចន្ទនិមិត្ត ហៅវត្តរវៀង ដែលធ្វើឱ្យទីវត្តអារាមមួយនេះ មានការរីកចម្រើនសាកសមជាទីសក្ការៈបូជាសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍថែមទៀត។

ដោយឡែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងថា សមិទ្ធិផលនានាក្នុងវត្តចន្ទនិមិត្ត ហៅវត្តរវៀង ដែលរៀបចំធ្វើពិធីបុណ្យឆ្លង និងបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះ ក្រៅពីព្រះវិហារ សាលាឆ័ន ប្រាសាទ និងសមិទ្ធិផលជាច្រើនទៀត ដែលកសាងរួចហើយ ថ្ងៃនេះគឺឆ្លងមានរបងប្រវែង ១៦០ម៉ែត្រ ស្មើ៧៥ផ្ទាំង ចំណាយថវិកាសរុបចំនួន ៧២.២៥០.០០០រៀល និងកំពុងកសាងសាលាអនុគុណ១ខ្នង ដែលមានបណ្តោយ២៣ម៉ែត្រ ទទឹង១៤ម៉ែត្រ ចាប់ផ្តើមកសាងរហូតមកដល់ថ្ងៃនេះអស់រយះពេល១៨ខែ ដោយចំណាយថវិកាសរុប ១៩៧.១១០.០០០រៀល។

ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងស្រុករវៀង លោក ហោ ប៊ុនហួរ ក៏ថ្លែងអំណរគុណដល់លោក អ៊ុក គឹមសាន អភិបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយលើការអភិវឌ្ឍន៏ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅក្នុងស្រុករវៀង ជួយឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ និងស្មារតី ក្នុងការចង្អុលបង្ហាញដល់រដ្ឋបាលស្រុក លើការបម្រើនិងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋទូទាំងស្រុករវៀង ឱ្យបានល្អ និងឆាប់រហ័ស។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យឆ្លងរបងនិងផ្កាប្រាក់សាមគ្គី នៅវត្តចន្ទនិមិត្តហៅវត្តរវៀង បានរៀបចំធ្វើឡើងរយៈ ពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ដោយបរិយាកាសសប្បាយរីករាយ ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ។

នៅក្នុងពិធីនេះ លោក អ៊ុក គឹមសាន បាននាំថវិកាចំនួន ៥លានរៀល របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគេនព្រះសង្ឃសម្រាប់ការកសាង និងបានចែកជូនលោកយាយ លោកតា និងប្រជាពលរដ្ឋប្រមាណ២០០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០ ០០០រៀលផងដែរ៕