(បន្ទាយមានជ័យ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ដ្រីក្រុមការងារ រួមទាំងក្រុមហ៊ុន សុខាអូតែល ដែលជាសម្ព័ន្ធមេត្រីភាពរវាងគ្នា ចុះមកសំណេះសំណាលសួរសុខទុក្ខ និងនាំមកនូវអំណោយជាស្បៀងឧបភោគ-បរិភោគ ជូនដល់កងទ័ពនៅបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ នៅស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនយ៉ាងអង់អាចក្លាហាន ដើម្បីអធិបតេយ្យភាព សេចក្តីសុខសេចក្តីចម្រើនរបស់ប្រជាជន និងប្រទេសជាតិយើង។  

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ថ្ងៃនេះពិតជាមានបីតិសោមនស្សយ៉ាងក្រៃលែង ដែលបានមកចូលរួមក្នុងពិធីចុះសួរសុខទុក្ខបងប្អូននាយទាហាន ពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល និងរីសត នាពេលនេះ។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានពាំនាំប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិពលទាហាន មេបញ្ជាកងទ័ព និវត្ដន៍ជនទាំងអស់។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងកតញ្ញូតាធម៌ដ៏មហាថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាស្ថាបនិកឯកនយោបាយឈ្នះ-ឈ្នះ ដែលបានប្រែក្លាយកម្ពុជាពីការបែក បាក់ជាតិ និងបែងចែក ទឹកដី ទៅជាប្រទេសមានសុខសន្ដិភាព ស្ថិរភាព ប្រជាធិបតេយ្យ ធានាដល់ការរីកចម្រើនគ្រប់វិស័យ ហើយប្រជាជនរស់នៅក្រោមដំបូលសន្ដិភាពប្រកបដោយក្ដីសង្ឃឹម និងសុខក្សេមក្សាន្ដ។ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុនី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាជននៅកម្ពុជា»

ជាមួយគ្នានេះផងដែរ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ កងទ័ពគឺជាកម្លាំងការពារ ដ៏រឹងមាំសម្រាប់ការពារឯករាជ្យ បូរណភាពជាតិទឹកដី និងប្រជាជន។ សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន។ ការការពារប្រសើរជាងព្យាបាល ការជ្រើសរើសឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព គឺជាការវិនិយោគដ៏ឆ្លាតវៃ ហើយត្រូវចាប់ផ្តើមពីពេលនេះ ពីពេលដែលយើងនៅមានសុខភាពល្អ ដើម្បីកាត់បន្ថយការឈឺ ពិការ និងសន្សំសំចៃថវិកាគ្រួសារ។

សូមកងទ័ពទាំងអស់ថែរក្សាសុខភាពជានិច្ច បរិភោគអាហារមានសុខុមាលភាព តិចខ្លាញ់ តិចអំបិល តិចស្ករ ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈផ្អែម ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺមិនឆ្លងចម្បងៗ តួយ៉ាងដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ។ល។ សូមបងប្អូនទាំងអស់រស់នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជាការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមជាដើម និងបញ្ហាសុខភាព បណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សំរាន្តក្នុងមុង ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់ និងទទួលទានចំណីអាហារមានសុត្ថិភាពល្អ និងបន្ទោរបង់ក្នុងបង្គន់ ព្រមទាំងអនុវត្តវិធានការសុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន ដើម្បីបង្ការការឆ្លងជំងឺកាមរោគ អេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ គណប្រតិភូបាននាំមកជាមួយនូវឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាឧបត្ថម្ភជូនដល់អង្គភាពកងពលតូចលេខ ៥១ ចំនួន២០លានរៀល, ជូនដល់ផែនពលទាហានចូលរួមចំនួន ៥០០នាក់ និងផែនទទួលស្វាគមន៍ចំនួន ប្រមាណ ៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត ព្រមទាំងជូនដល់គ្រួសារកងទ័ពចូលរួមចំនួន ១០០នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ៤ម៉ឺនរៀល ដែលសរុបទាំងអស់ជាទឹកប្រាក់ចំនួន ៣២២,៣៣៧,០០០រៀល។

មុននឹងបញ្ចប់ លោកសាស្ដ្រា​ចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់នាយទាហាន ពលទាហាន អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ ក្នុងការសម្រេចនូវបុព្វហេតុជាតិ ការពារសន្តិភាព និងសុខុមាលភាពជូនប្រជាជន។ ក្នុងពេលជាមួយគ្នានេះ ខ្ញូំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមហ៊ុនសុខាអូតែល និងរីសត ដែលបានចូលរួមឧបត្ថម្ភ ជូនដល់កងពលតូចលេខ៥១ ដែលជាកាយវិការចែករំលែកមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងស្មារតីសាមគ្គីភាព សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ។

ជាចុងក្រោយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានប្រសិទ្ធពរជូនដល់ថ្នាក់ដឹកនាំ ក្រុមការងារ និងបងប្អូននាយទាហាន ពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន និងសូមជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។

ទន្ទឹមនឹងនោះឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឱ្យនាយពលទាហាន នៃអង្គភាពកងពលតូចថ្មើងជើងលេខ៥១ទាំងអស់ បានគោរពថ្លែងអំណរគុណ ដល់លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានដឹកនាំប្រតិភូ អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ និងនាំមកនូវអំណោយសម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ គ្រឿងឧបភោគ-បរិភោគ ជូនដល់នាយទាហាន គ្រួសារកងទ័ព និងនិវត្តន៍ជន នាឱកាសមុនចូលឆ្នាំខ្មែរ។ ជាពិសេសឧត្ដមសេនីយ៍ត្រី សូមគោរពថ្លែងអំណរគុណ ដល់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ដែលបានផ្ដល់ថវិកា ចំនួន ៤,៦០០ដុល្លារអាមេរិក សម្រាប់ធ្វើអណ្ដូងទឹកប្រើដោយប្រព័ន្ធសូឡាចំនួន២៕