(ភ្នំពេញ)៖ ក្លិបអ្នកការសែតកម្ពុជា នៅព្រឹកថ្ងៃ២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សា ក្រោមប្រធានបទ «ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌» ដើម្បីបានស្វែងយល់ដឹងបន្ថែមទៀតអំពីកម្មវិធីជាតិជំនួយសង្គម និងចូលរួមផ្សព្វផ្សាយឲ្យកាន់តែទូលាយដល់សាធារណជន ជាពិសេសក្រុមគោលដៅ ដែលជាគ្រួសារងាយរងគ្រោះមានបណ្ណសមធម៌ បានយល់ជ្រាបកាន់តែច្បាស់ថែមទៀតអំពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

វេទិកាពិភាក្សានេះ បានធ្វើឡើងនៅ សណ្ឋាគារ ភ្នំពេញ ដោយមានការចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកសម្របសម្រួល លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងអ្នកសារព័ត៌មានល្បីៗ មួយចំនួនទៀត។

នាឱកាសនោះដែរ លោកបណ្ឌិត ចន ណារិទ្ធ សនិ្ដសុខសង្គមមានលក្ខណៈកត់សម្គាល់ចំនួន២ គឺ មិនមានកំណត់ក្រុមគោលដៅទេ គឺចង់ពង្រីកផ្នែកសន្ដិសុខសង្គមឱ្យបានច្រើនជាអតិបរិមា ទោះបីជាបានបោះជំហានទៅមុខ ក្រោមគោលដៅមួយក្រុមម្ដងក៏ពិតមែន រហូតឈានដល់ពិភពលោកស្គាល់ថា ជាការគ្រប់ដណ្ដប់ច្រើនបំផុត និងមានតែការស្ថិតនៅក្រោមការគ្រប់ដណ្ដប់ ត្រូវបង់វិភាគទានចូលក្នុងមូលនិធិករួមមួយ បានចូលក្នុងប្រតិបត្ដិករ របស់បេឡាជាតិ គឺបង់ជាបន្ដបន្ទាប់ឬ ប្រចាំខែ ដើម្បីអាចដកថវិកានោះ មកបង់ថ្លៃក្នុងការទទួលសេវា។

លោកបណ្ឌិត ចន ណារិទ្ធ បានបន្ដទៀតថា ជំនួយសង្គម គឺជាថវិកាជាតិទាំងស្រុង បានមកពីការប្រមូលពន្ធរបស់រដ្ឋ ផ្ដល់ជំនួយទៅដល់ពលរដ្ឋ ដើម្បីផ្ដល់ជំនួយទៅដល់ពលរដ្ឋ គឺមិនផ្ដល់ជំនួយទៅដល់អ្នកគ្រប់គ្នាទេ ផ្ដល់ទៅដល់ក្រុមគោលដៅជាក់លាក់ក្នុងកាលៈទេសៈជាក់លាក់ ដូច្នេះហើយបានជានៅក្នុងក្រមខ័ណ្ឌគោលនយោបាយកម្ពុជា កំណត់ក្រមជាក់លាក់ដំបូងគេបំណផុតត្រូវឈរលើមូលដ្ឋាននៃកម្រិតជីវភាពរបស់ពួកគាត់។

ជាមួយគ្នានេះដែរ លោក ថេង បញ្ញាធន បានបន្ដថា ការកំណត់គ្រួសារក្រីក្រ ឬ បណ្ណសមធម៌បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៦មក នៅកម្ពុជាតែងតែនិយាយពីគ្រួសារក្រីក្រ ការផ្ដល់អន្ដរាគមន៍ ប៉ុន្ដែយន្ដការសម្រាប់ការកំណត់ការផ្ដល់ថានរណាជាគ្រួសារក្រីក្រពិតប្រាកដមិនមានទេ។

បន្ថែមពីនេះ លោក ថេង បញ្ញាធន ក៏បានបញ្ជាក់ថា ការកំណត់តាមក្រសួងផែនការបានកំណត់ទៅលើកម្មវិធីរួមមាន៖
*១៖ សម្រាប់ផ្ដល់សេវាសុខាភិបាល ដោយមិនគិតថ្លៃពីមូលនិធិកបណ្ណសមធម៌សុខាភិបាល
*២៖ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ដ្រីមានផ្ទះពោះ និងកុមារក្រោមអាយុ២ឆ្នាំ
*៣៖ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
*៤៖ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រុមគោលដៅដែលមានការលំបាកផ្នែកជីវភាព ក្នុងតំបន់បិទខ្ទុបក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្ដកណ្ដាល និងខេត្ដព្រះសីហនុ
*៥៖ គ្រួសាររងហានិភ័យ រងផលប៉ះពាល់ពីអតិផរណា និងទឹកជំនន់
*៦៖ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រសារក្រីក្រ និងកម្មវិធីជាច្រើនដែលបានអនុវត្ដអង្គការដើម្បីរាជរដ្ឋាភិបាលកម្ពុជា៕