(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ដើម្បីពង្រឹងគុណភាព នៅកម្រិតបឋមសិក្សា ក្រសួងនឹងរៀបចំកែទម្រង់កម្មវិធីសិក្សា ពីការរៀនមួយពេលទៅការរៀន និងបង្រៀនពេញមួយថ្ងៃ ក្នុងនោះសាលារៀនចំនួន ២០កន្លែង ត្រូវបានជ្រើសរើសជាសាលារៀន ​អនុវត្ត​កម្មវិធីសិក្សានេះ។

លោក ហង់ ជួនណារ៉ុន ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាត ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

​លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងបានដាក់ឱ្យអនុវត្តការរៀន និងបង្រៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌ នៅតាមសាលាបឋមសិក្សាចំនួន ២០កន្លែង។ ជាមួយនេះ ក្រសួងបាន និងកំពុងរៀបចំយុទ្ធសាស្ត្រ បង្រៀនពេញមួយថ្ងៃ តាមរយៈការលើកកម្ពស់អំណានបន្ថែម និងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សន្លឹកកិច្ចការ កម្មវិធីកីឡា ការងារ សង្គម ការបង្រៀនសិល្បៈ និងវប្បធម៌ខ្មែរ ស្របតាមអនុសាសន៍ របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី។

​លោក ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា ​គោលការណ៍ណែនាំ ស្តីពី ការរៀនពេញ មួយថ្ងៃនឹងត្រូវដាក់ចេញឱ្យអនុវត្ត នៅតាមសាលារៀន ដែលមានសក្តានុពល អគារសិក្សា បន្ទប់រៀន និងគ្រូបង្រៀន ក្នុងគោលបំណង៖

* សិស្សមានទំនុកចិត្តចំពោះសាលារៀនដែលមានសក្តានុពល ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព
* ការលើកកម្ពស់គុណភាពអប់រំ និងការបង្កើតឱកាសសិក្សាវែងឆ្ងាយ ព្រមទាំងការបង្ការមិនឱ្យសិស្សយកពេលទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ
* សាលារៀនមានការរីកចម្រើនខាងផ្នែកកែលម្អបរិស្ថាន ការអនុវត្តកម្មវិធីសិក្សា បានគ្រប់ជ្រុងជ្រោយ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ជាពិសេស ការលើកកម្ពស់អំណាន និងការរៀបចំសកម្មភាពក្រៅម៉ោងសិក្សា ដូចជាសិល្បៈតន្ត្រី វប្បធម៌ គេហវិជ្ជា បណ្ណាល័យ ការអប់រំសីលធម៌ វិន័យ និងសម្មាធិ
* ការប្រើប្រាស់ធនធានសម្ភារៈរបស់សាលារៀន និងម៉ោងសិក្សាឱ្យអស់លទ្ធភាព
* ការកៀរគរសហគមន៍ឱ្យចូលរួមគាំទ្រ និងវិនិយោគលើវិស័យអប់រំ ចាប់ពីកម្រិតបឋមសិក្សា
* មាតាបិតាមានឱកាសពេញលេញ ក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ជាមួយគ្នានេះ ដើម្បីពង្រឹងគុណភាពនៅកម្រិតបឋមសិក្សា ក្រសួងនឹងរៀបចំកែទម្រង់កម្មវិធីសិក្សា ពីការរៀនមួយពេលទៅការរៀន និងបង្រៀនពេញមួយថ្ងៃ រៀបចំក្រុមធានាគុណភាពផ្ទៃក្នុង រៀបចំបុគ្គសិក្សាឱ្យសមស្រប តាមសមត្ថភាពជំនាញ រៀបចំកម្មវិធីសិក្សាផ្ដោតលើវិជ្ជាសម្បទា បំណិន សម្បទា និងចរិយាសម្បទា ចាត់ចែងនិងគ្រប់គ្រងសៀវភៅសិក្សាគោលឱ្យបានគ្រប់គ្រាន់ រៀបចំ បន្ទប់រៀននិងថ្នាក់រៀនជាបណ្ដើរៗឱ្យមានបច្ចេកវិទ្យា បង្កើនការបង្រៀនភាសាបរទេស និងរៀបចំ បរិស្ថានសាលារៀនទាំងមូលឱ្យក្លាយជាទីមេត្រី។

ឧត្តមានុវត្តន៍នៃការអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ មានដូចជា៖

* ការបង្រៀននិងរៀនពេញមួយថ្ងៃ តាមកម្មវិធីសិក្សាទំនើប ដោយបង្កើនម៉ោង សិក្សា ពង្រីកការអនុវត្តកម្មវិធី សិក្សានិងមុខវិជ្ជាសិក្សា លើកកម្ពស់ការអប់រំ ឌីជីថល ការបង្រៀនភាសាបរទេស និងការអប់រំស្ទែមភាសាជាតិភាសាបរទេស កុំព្យូទ័រ រ៉ូបូទិក ។ល។
* មុនពេលចាប់ផ្ដើមដំណើរការរៀនពេញមួយថ្ងៃ សាលារៀនត្រូវសិក្សាពីការចំណាយរបស់សិស្ស អគារសិក្សា ទីតាំងភូមិសាស្ត្រ ជំនួបជាមួយ គ្រូ និង​មាតាបិតា
* ការកំណត់មុខសញ្ញាចំណាយដូចជា បុគ្គលិក រដ្ឋបាលសាលារៀន ការអភិវឌ្ឍ សាលារៀន និងសន្សំទុក* ការប្រជុំពិភាក្សារវាងគណៈកម្មការគ្រប់គ្រងសាលារៀនជាមួយគ្រូបង្រៀន ជាមួយ មាតាបិតា និងអ្នកពាក់ព័ន្ធ ដើម្បីពន្យល់អំពីដំណើរការ និងលទ្ធផលរំពឹងទុក និងមានការឯកភាពគ្នា៕