(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អប្រសើរ។

ថ្លែងក្នុងឱកាស អញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចង់ឱ្យគ្រូបង្រៀនចេះច្នៃប្រឌិត ដើម្បីផ្តល់ការអប់រំបន្ថែមដល់សិស្ស។ សម្តេចធិបតី បានណែនាំកុំឱ្យដាក់កាតព្វកិច្ចទៅអាណាព្យាបាលចូលរួមថវិកា ក្នុងកម្មវិធីលើកកម្ពស់អប់រំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត «ការចូលរួមរបស់ឪពុកម្តាយ ក៏មិនចាំបាច់ក្នុងរូបភាព ជាថវិកាត្រូវចូលដែរ។ ឱ្យតែគាត់ជួយប្រដៅកូនគាត់ ឱ្យខំប្រឹងបង្រៀន ខ្ញុំថាល្អហើយ។ ឱ្យតែជួយជំរុញឱ្យកូនគាត់ គោរពវិន័យសាលាល្អហើយ។ អ្វី ដែលលោកគ្រូអ្នកគ្រូចង់បាន គឺជាទំនាក់ទំនងល្អ ប្រទាក់ក្រឡាជាមួយឪពុកម្តាយ។ ឥលូវ ខ្ញុំឃើញបង្ហាធំបំផុត ជាពិសេសនៅក្រុង គឺការផ្តាច់គ្នារវាងឪពុកម្តាយ និងសិស្ស។ ជំនាន់ខ្ញុំ បើត្រូវរំពាត់ពីសាលា ទៅពន្យល់ប្រាប់ពុក គាត់វាយថែម។ គាត់ជឿទុកចិត្តថា លោកគ្រូអ្នកគ្រូ ប្រដៅកូនគាត់ខុសទេ»។

សម្តេច បានបន្តថា «ថ្ងៃមុន ខ្ញុំឃើញនៅខេត្តកណ្តាល កូនសិស្សធ្វើខុសលោកគ្រូប្រដៅទៅ ស្រាប់តែកូនទៅដល់ម្តាយ ម្តាយស្រលាញ់កូនផង អត់ទាន់ដឹងអី ដាក់គ្រូមួយប្រាប់តាមហ្វេសប៊ុក ទម្រាំតែយល់គ្នា។ តែបើគ្រូ និងសិស្ស ឪពុកម្តាយ មានទំនាក់ទំនងស្រួលណាស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ឪពុកម្តាយ និងសិស្ស ជាតួអង្គក្នុងការអប់រំ។ ការអប់រំនៅសាលា និងនៅផ្ទះ ជាកត្តាខ្លាំងណាស់ ដើម្បីជួយលុយបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅ។ អប់រំមានតែ ៣ទេ​ នៅផ្ទះ នៅសាលា និងនៅក្នុងសង្គម។ បើសាលា និងផ្ទះ ឯកភាពគ្នាពង្រឹងហើយ ឥទ្ធិពលសង្គមយ៉ាងម៉េច ក៏ចូលមិនរួចដែរ ព្រោះនៅសង្គម មានរឿងច្រើនណាស់ ដែលយុវជន ជាពិសេសក្មេងៗ ចាប់យក តើមួយណាល្អ មួយណាអាក្រក់ ក៏មិនដឹងដែរ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយកសាលាបឋមសិក្សាចំនួន៥០ ពង្រឹងការអប់រំ ដោយបន្ថែមម៉ោងសិក្សា២ម៉ោងបន្ថែមទៀត។ បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អាណាព្យាបាលគ្រប់រូបចង់ឱ្យកូនៗទទួលបានការអប់រំដ៏ប្រសើរ៕