(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសូមកុំឱ្យដាក់កាតព្វកិច្ចទៅអាណាព្យាបាលចូលរួមថវិកា ក្នុងកម្មវិធីលើកកម្ពស់អប់រំ និងត្រូវដាច់ខាតជៀសឱ្យផុតពីការដាក់កាតព្វកិច្ចលើផ្នែកហិរញ្ញវត្ថុ ដល់អាណាព្យាបាលគ្រប់រូបភាពទាំងអស់ក្នុងវិស័យអប់រំ។

ការណែនាំបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជា អធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ហើយខ្ញុំឃើញសន្ទុះការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ឪពុក ម្តាយ គាំទ្រ ខ្ញុំថាពេលដែលទៅទាញការគាំទ្ររបស់ឪពុក ម្តាយ ដាច់ខាតកុំដាក់កាតព្វកិច្ចជូនគាត់ មិញខ្ញុំឃើញការបង្កើតមូលនិធិសមសធម៌ លើកយោបល់តែកុំបង្ខំឱ្យបង្កើត បង្កើតែមិនស្រួលគាត់ថា (អាណាព្យាបាល ឪពុក ម្តាយ) ទាមទារកាតព្វកិច្ចឱ្យគាត់បង់ចូលទៀត ដាច់ខាតកុំបង្ខំឱ្យឪពុក ម្តាយក្នុងការបង់...! ធ្វើម៉េចជៀសផុតពីការដាក់កាតព្វកិច្ចណាមួយជាពិសេសកាតព្វកិច្ចហិរញ្ញវត្ថុ គឺជៀសឱ្យផុតកុំឱ្យមាន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធ្វើយ៉ាងណាឱ្យសាលាល្អ ឪពុក ម្តាយនោះអាណាព្យាបាល ឪពុក ម្តាយ ឃើញថាសាលាបង្រៀនកូនរបស់គាត់បានល្អ ច្បាស់ណាស់ពួកគាត់បើទោះបីមិនបានថវិកាក៏គាត់ខិតខំប្រឹងប្រែងជួយសាលារៀន លោកគ្រូ អ្នកគ្រូ តាមរយៈការណែនាំកូនចៅរបស់ពួកគាត់ជាដើម។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ផ្តល់យោបល់កុំបង្កើតមូលនិធិសមធម៌ គឺទុកឱ្យលោកគ្រូ អ្នកគ្រូ ជាមួយអាណាព្យាបាល ធ្វើលើកិច្ចការងារនេះចុះ។ ប្រសិនបើបង្កើតឡើងមិនមានភាពច្បាស់លាស់នោះនឹងបង្កជាបញ្ហាណាមួយកើតឡើងតាមរយៈការយល់ច្រឡំផ្សេងៗជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការចូលរួមរបស់អាណាព្យាបាលមិនចាំបាច់ធ្វើឡើងក្នុងរូបភាពឧបត្ថម្ភថវិកាចូលសាលារៀននោះដែរ។ អ្វីដែលសំខាន់នោះគឺអាណាព្យាបាលចូលរួមអប់រំ ជំរុញកូនរបស់ពួកគាត់គោរពវិស័យសាលាជាមួយលោកគ្រូ អ្នកគ្រូ គឺជាកិច្ចការងារមួយដ៏ល្អប្រសើរហើយ។

ត្រង់ចំណុចនេះសម្តេចថា អ្វីដែលកាន់តែល្អប្រសើរបន្ថែមទៀតនោះគឺទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អប្រសើរ អ្វីដែលជាបញ្ហាធំបំផុត ជាពិសេសសាលានៅក្រុង គឺការផ្តាច់គ្នារវាងឪពុក ម្តាយ និងសិស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់ឃើញថា បញ្ហាម្ដាយឪពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ កើតឡើងបានដោយសារតែអាណាព្យាបាលដាច់ទំនាក់ទំនងជាមួយគ្រូបង្រៀន។ ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ទាល់តែតួអង្គគ្រូបង្រៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស មានទំនាក់ទំនងល្អជាមួយគ្នា​ និងយល់ពីគ្នាទៅវិញទៅមក។ រវាងអាណាព្យាបាលសិស្ស និងសិស្ស គឺជាតួអង្គក្នុងការអប់រំ រាប់ទាំងការអប់រំក្នុងសាលា និងអប់រំនៅផ្ទះដោយផ្ទាល់បន្ថែម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការអប់រំនៅតាមសាលា និងអប់រំផ្ទះ គឺមានឥទ្ធិពលខ្លាំងណាស់ ដើម្បីបញ្ចៀស និងលុបបំបាត់ទម្លាប់អាក្រក់ដែលកើតមានក្នុងសង្គមខាងក្រៅ៕