(ស្ទឹងត្រែង)៖ ដោយមើលឃើញពីបរិបថ នៃសង្គមបច្ចុប្បន្នដែលប្រជាពលរដ្ឋងាយប្រឈមទៅនឹងជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺលើសឈាមជាដើមនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ដ្រីជំនាញសុខភាពសាធារណៈនោះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកាត់បន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ហើយមិនត្រូវជក់បារីឡើយ។

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដើម្បីណែនាំ និងដាក់ចេញទិសដៅការងារមួយចំនួន សំដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ឲ្យកាន់តែមានគុណភាពខ្ពស់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងនូវពាក្យស្លោកយ៉ាងដូច្នេះថា «តិចអំបិល តិចខ្លាញ់ តិចស្ករ ដែលអត្ថន័យនេះ គឺចង់ឲ្យប្រជាពលរដ្ឋកាត់បន្ថយរបបអាហារ ដូចជា ស្ករ អំបិល និងខ្លាញ់ពីច្រើនមកតិច ហើយហាមការជក់បារីជាដើម»។

មន្ដ្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំលឹកទៅដល់ប្រធានមណ្ឌលទាំង២០ ដែលកំពុងប្រតិបត្តិផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រងឲ្យបាននៅអត្តសញ្ញាណអ្នកជំងឺក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ និងត្រូវផ្សព្វផ្សាយចងក្រងជាក្រុម ដើម្បីងាយគ្រប់គ្រងអ្នកដែលមានជំងឺក្នុងមូលដ្ឋាននោះ ឲ្យពួកគាត់ទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងទុកចិត្តបំផុត។

លោកស្រី ឱ វណ្ណឌីន បានដាស់តឿនទៅដល់ប្រធានមណ្ឌលទាំង២០ បន្តការយកចិត្តទុកដាក់បន្ថែមទៅលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការរៀបចំទីតាំងផ្សេងៗ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការចាំបាច់នៅក្នុងមណ្ឌល ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ការរៀបចំឯកសណ្ឋានតាមវិជ្ជាជីវៈ ព្រមទាំងរៀបចំថែទាំបរិស្ថានអនាម័យឲ្យបានល្អស្អាត និងការដាំដើមឈើ ឬផ្កាជាការលម្អអូសទាញផ្នែកបរិស្ថានផងដែរ៕