(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបង្កើតកម្មវិធីសាលាជំនាន់ថ្មី កម្មវិធីសាលាគំរូ ឬកម្មវិធីសាលាធម្មតា មិនមែនជាការបង្កើតដើម្បីប្រកួតប្រជែងគ្នានោះទេ គឺបង្កើតដើម្បីពង្រឹងការអប់រំ ហើយធ្វើជាដំណាក់កាល ហើយនៅពេលមានលទ្ធភាពគ្រប់គ្រាន់ មានថវិកាគ្រប់គ្រាន់ យើងនឹងពង្រីកកម្មវិធីសាលាជំនាន់ថ្មីនេះឱ្យបានគ្រប់សាលានៅទូទាំងប្រទេស។

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២​ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការជាតិដើម្បីរៀបចំកម្មវិធីសាលាជំនាន់ថ្មី ហើយនឹងយកទៅអនុវត្តជំហានដំបូងចំនួន៥០សាលាសិន ដោយផ្ដោតលើសាលាបឋមសិក្សា។

សម្ដេចបានថ្លែងថា «ការបង្កើតសាលាជំនាន់ថ្មី និងសាលាគំរូ ឬសាលាធម្មតា មិនមែនបានន័យថាទៅប្រកួតប្រជែងគ្នាយកមួយទៅបំបាក់មួយទេ តែវិធីសាស្ត្រយើងមិនអាចរុញម្ដងទាំង១០០០០សាលាទ តែយើងរុញ៥០ទៅ១០០ ហើយរកវិធី រកគន្លឹះពីសាលាទាំង៥០ ឬ១០០នេះ មកចែករំលែកគ្នា»

សម្ដេចធិបតីបានបន្តថា ការអប់រំមនុស្សមិនអាចរង់ចាំទាល់តែធ្វើសាលាហើយ ឬទាល់តែមានកម្មវិធីសាលាជំនាន់ថ្មី ឬទាល់តែមានថវិកាគ្រប់នោះទេ គឺទាមទារឱ្យមាននវានុវត្តន៍ ឬការច្នៃប្រឌិតក្នុងកម្មវិធី។

សម្ដេចបានបន្តទៀតថា យើងនឹងសាកល្បង៥០សាលាទៀត ដែលនឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីយើងរកគន្លឹះផ្សារភ្ជាប់ចន្លោះពីសាលាធម្មតាដែល៣ម៉ោងកន្លះពន្លាតថែម២ម៉ោងក្នុង១ថ្ងៃ។

សម្ដេចបានបញ្ជាក់ថា ថ្ងៃក្រោយនៅពេលមានលទ្ធភាពគ្រប់គ្រាន់ មានថវិកាគ្រប់គ្រាន់ យើងនឹងពង្រីកកម្មវិធីសាលាជំនាន់ថ្មីនេះបន្ថែមទៀត ធ្វើឱ្យបានគ្រប់សាលានៅទូទាំងប្រទេស៕