(ពោធិ៍សាត់)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ នាល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារ ប្រកបដោយចីរភាព គឺជាចលនាភូមិមួយផលិតផលមួយ»។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទំនប់ក្បាលហុង ផ្លូវលេខ១០១ ទីរួមខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាល អភិបាលរង រាជធានីខេត្ត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរដែនដី អាជីវករ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការជម្រុញចលនាភូមិមួយផលិត​ផលមួយខេត្ត បានជម្រាបជូនថា ខេត្តពោធិ៍សាត់ មានប្រជាជនសរុបចំនួន៥៣២,៨៨៦នាក់ ស្រី២៧០,០៦០នាក់ ស្មើនឹង ១៣៥,៤១២គ្រួសារ។ ដង់ស៊ីតេប្រជាជនក្នុងខេត្ត មានចំនួន៤១នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ, អត្រាកំណើនប្រជាជនប្រចាំឆ្នាំ២.៣៣%។ មានមុខរបរជាមន្ត្រីរាជការ២.៩០% កសិករ៧០.៩០% សេវាករ ១៩.១០% ពាណិជ្ជករ ៦.១០% និងសិប្បករ ១%។

លោកអភិបាលខេត្តបន្តថា ចលនាភូមិ១ផលិតផល១ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយពីចរឹកលក្ខណៈនៃការធ្វើឲ្យមានភាពរស់រវើក នៃសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន​ តាមរយៈការជំរុញឲ្យមានការកែច្នៃ ផលិតជាទំនិញឬសេវាកម្មផ្សេងៗ និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការទប់ស្កាត់នូវការធ្វើចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស ឬចំណាកស្រុកចូលទៅកាន់ទីក្រុងធំៗ ដើម្បីស្វែងរកការងារធ្វើ។​

លោកក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ​​​​ដែលបានពិនិត្យ និងវាយតម្លៃ ក្នុងការកំណត់ផលិតផលខ្មែរ ដែលមានសក្ដានុពល ក្នុងខេត្តពោធិ៍សាត់ ចំនួន២២មុខ មានផលិតផលកសិកម្ម និងឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ដែលក្នុងនោះឆ្នាំ២០២១ មានចំនួន១៣មុខ និងឆ្នាំ២០២២ មានចំនួន០៩មុខ ហើយផលិតផលមួយចំនួនត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពល របស់ខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការចូលរួមពិព័រណ៍ពាណិជ្ជកម្ម ក្នុង និងក្រៅខេត្ត។ ដោយឡែកសម្រាប់ឆ្នាំ២០២៣កន្លងទៅនេះ ខេត្តពោធិ៍សាត់បានដាក់ស្នើសុំចុះឈ្មោះផលិតផល ចំនួន១០មុខ ដើម្បីចូលជាសមាជិក ភូមិមួយផលិតផលមួយផងដែរ។

លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានជម្រាបជូនថា ការរៀបចំព្រឹត្តិការណ៍អបអរទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ លើក​​​ទី៧ ឆ្នាំ២០២៤នេះ មានគោលបំណងសំខាន់ៗគឺ៖ លើកកម្ពស់ស្មារតីប្រជាពលរដ្ឋគ្រប់រូប ឲ្យខិតខំជួយលើកស្ទួយផលិតផលក្នុងស្រុក ឲ្យបានខ្លាំងក្លា និងជួយគាំទ្រស្នាដៃផលិតករខ្មែរ ប្រកបដោយមោទកភាព, ផ្សព្វផ្សាយទូលំទូលាយ នូវផលិត​ផលរបស់​​​​​ប្រជាផលិតករទូទាំងប្រទេស ឲ្យមហាជនបានដឹង និងយកទៅប្រើប្រាស់, ផ្ដល់ឱកាសឲ្យម្ចាស់ផលិតផល បានជួបប្រាស្រ័យផ្ទាល់ ជាមួយអ្នកទិញ​​ តាមរយៈការរៀបចំនូវកម្មវិធីអមមួយចំនួនដូចជា ការតាំងពិព័រណ៍ និងការផ្គូផ្គងអ្នកទិញ និងអ្នកលក់។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញសេច​ក្តីជូនដំណឹងមួយ ដោយ​តម្រូវឲ្យគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដែលជាសេនាធិការ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែមេសា។ ទាំងអស់នេះ គឺពិតជាសកម្មភាពមួយរស់រវើក រួមចំណែកពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាសម្រេច​បាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបណ្ឌិតសភាចារ្យ ​បានជម្រុញដល់គ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាអនុវត្តដោយប្រទាក់ក្រទ្បាគ្នា ដើម្បីយើងឈានទៅលើកកម្ពស់ផលិតផលខ្មែរ និងការស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក រួមចំណែកបង្កើន ប្រាក់ចំណូល​ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។​ ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏សង្ឃឹមថាខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ មានសក្តានុពលទាំងវិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍ ពិតជាខិតខំជួយជំរុញផលិតផលខ្មែ រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងលើកកម្ពស់ជីវភាពប្រជាជន កាន់តែសម្បូរធូរធារ៕