(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសារលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារអបអរសាទរ និងជូនពរជូនសម្តេចនាឱកាសដែលព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា៖ «សម្ដេចពិជ័យសេនា ទៀ បាញ់ ជាទីរាប់អាន ខ្ញុំបានទទួលរួចហើយនូវសារលិខិតរបស់ សម្ដេចពិជ័យសេនា ដែលបានប្រសិទ្ធពរជ័យជូនខ្ញុំ និងភរិយា ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពាក្យពេចន៍ប្រកបដោយអត្ថន័យដ៏កក់ក្ដៅ និងសព្ទ័ សាធុការពរជ័យដល់រូបខ្ញុំ និងភរិយា ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ តែងតាំងរូបខ្ញុំជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសប្រពៃថ្លៃថ្លានេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល គ្រប់ប្រការដល់សម្ដេចពិជ័យសេនា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបនឹងព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖