(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ផ្សព្វផ្សាយច្បាប់ស្ដីពី អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលតម្រង់ទិសនេះ ឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖

*ទី១៖ ពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
*ទី២៖ កសាងសមត្ថភាពគ្រូបង្គោលថ្នាក់រាជធានី ខេត្ត ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ស្របតាមការណែនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបានចប់សព្វគ្រប់ក្នុងឆមាសទី២ ឆ្នាំ២០២៤នេះ
*ទី៣៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបង្កើតក្រុមការងារ ដើម្បីជួយគាំទ្រដល់រដ្ឋបាលរាជធានីខេត្ត ក្នុងការបន្តផ្សព្វផ្សាយច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
*ទី៤៖ ណែនាំអំពីវិធីសាស្ត្រក្នុងការផ្សព្វផ្សាយច្បាប់ CRVSID
*ទី៥៖ ត្រៀមលក្ខណៈឲ្យបានល្អជាស្រេច ក្នុងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពខ្ពស់។

វគ្គបណ្តុះបណ្តាលតម្រង់ទិសនាថ្ងៃនេះ ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងវិទ្យាស្ថាន ជាតិស្ថិតិ ក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ រាជធានី ខេត្តទាំង២៥ រួមមាន អភិបាលរងរាជ ធានី ខេត្ត ទទួលបន្ទុកការងារអត្រានុកូលដ្ឋាន ឬតំណាង ស្នងការរងទទួលបន្ទុកការងារអត្តសញ្ញាណកម្ម ប្រធាន ការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយការិយាល័យគ្រប់គ្រង ការស្នាក់នៅ និងតំណាងអង្គការ Vital Strategies។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានគូសបញ្ជាក់ថា អ្នកដែលចូលរួមទាំងអស់ជាធនធានដ៏សំខាន់ក្នុងការផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ទៅដល់មន្ត្រីអនុវត្តនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលរួមចំណែកដល់ការកែលម្អការងារអត្តសញ្ញាណកម្ម ជាពិសេស គឺការកែលម្អនូវប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គ្រូឧទ្ទេសនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើបទបទឧទ្ទេសនាមជូន សិក្ខាកាមទាំងអស់អំពីខ្លឹមសារនៃច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងបទ បង្ហាញនូវសេចក្តីណែនាំថ្មីៗដែលក្រសួងមហាផ្ទៃបានសម្រេចដាក់ចេញឱ្យអនុវត្តនាខែមីនា ឆ្នាំ២០២៤ កន្លងមក ទី១៖ សេចក្ដីណែនាំលេខ០១១សណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លើការអនុវត្តការងារអត្តសញ្ញាណកម្ម របស់ក្រសួង មហាផ្ទៃ និងទី២៖ សេចក្ដីណែនាំលេខ០០៦សណន ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ស្ដីពីបែបបទនីតិវិធីនៃការកែតម្រូវ ទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន របស់ក្រសួងមហាផ្ទៃ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ផ្សព្វផ្សាយច្បាប់ស្ដីពី អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិនេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃទី០២ ខែមេសានេះ ហើយពិធីបិទត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕