(ឧត្តរមានជ័យ)៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានសម្រុកចូលមកស្រុកកំណើតវិញយ៉ាងច្រើន នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានចរចាជាមួយរដ្ឋាភិបាលថៃ ដោយមិនយកថ្លៃសេវាចេញ-ចូលប្រទេស​​​ថៃ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំកម្លាំងចំនួន ១២នាក់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ពលករខ្មែរត្រឡប់ចូលមកប្រទេសវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ​។

ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួយសម្រួលឱ្យបងប្អូនពលករវិលត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយលើកលែងតម្លៃសេវា លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជា ទៅធ្វើការនៅបរទេស និងមានទិដ្ឋាការងារ ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ជាមួយការសម្របសម្រួលនេះ ក្រុមការងារបានផ្តល់ជាកន្សែង១ នំប៉័ង១ដើម និងទឹកសុទ្ធ១ដប ជូនដល់ពលករឆ្លងដែនក្នុងថ្ងៃទី២ ខែមេសានេះ ដែលគិតត្រឹមម៉ោង១២:០០នាទី មានបងប្អូនចូលមកតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតប្រមាណ១០០០នាក់ តាមច្រកអន្តរជាតិប៉ោយប៉ែត។

បេីតាមការឱ្យដឹងពីមន្រ្តីនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ថា ខុសប្លែកពីរាល់ឆ្នាំដែលប្រជាពលរដ្ឋខ្មែរធ្វេីការនៅប្រទេសថៃ វិលត្រលប់ចូលមកស្រុកកំណេីតនៅដេីមខែបែបនេះព្រោះជារាងរាល់ឆ្នាំ ទាល់តែគៀកថ្ងៃចូលឆ្នាំទេីបសម្រុកមក តែឆ្នាំនេះខុសពីឆ្នាំរាល់ដង៕