(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើនីតិវិធីនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្ពស់កម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាលើនីតិវិធីនៃការត្រួតពិនិត្យ និងវាយតម្លៃគុណភាពហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ របស់គ្រប់អង្គភាពពាក់ព័ន្ធ ក្នុងគោលដៅធានាឱ្យបាននូវសមិទ្ធផលដែលមានគុណភាពល្អ អាចបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋបានយូរអង្វែង។

លោក ឆាយ ឫទ្ធិសែន បានឱ្យដឹងថា ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានកំណត់គោលការណ៍លើការងារអភិវឌ្ឍន៍ និងកំណែទម្រង់ពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០% អាស្រ័យហេតុនេះគ្រប់អង្គភាពជំនាញពាក់ព័ន្ធ​ ក្រោមឱវាទក្រសួង​ ត្រូវខិតខំបំពេញភារកិច្ចទៅតាមគោលការណ៍នៃការត្រួតពិនិត្យ និងវាយតម្លៃឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកតាមគំនូសរចនាប្លង់នៃការសាងសង់តាមលក្ខណៈបច្ចេកទេស និងពិនិត្យលើកិច្ចសន្យានៃការសាងសង់ឱ្យបានត្រឹមត្រូវ​៕