(ក្រចេះ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) អញ្ជើញចែកកញ្ចប់អាហារខែរ៉ាម៉ាឌន របស់អង្គការចាមីយ៉ះប្រទេសសិង្ហបុរី សហការជាមួយ CMDF ដែលកម្មវិធីនេះធ្វើឡើងស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់ប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ លោកគូសបញ្ជាក់ថា ខ្មែរឥស្លាមនៅកម្ពុជា ពិតមានសំណាងណាស់ ព្រោះបានរស់នៅក្នុងប្រទេសមានសុខសន្តិភាព ហើយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងផ្ដល់សិទ្ធិគ្រប់បែបយ៉ាង ដូចប្រជាពលរដ្ឋខ្មែរធម្មតា ដោយមិនមានការរើសអើង។

លោកបន្ដទៀតថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជាបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាទាំងមូល។ លោកក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ហើយក៏បានជ្រើសតាំងបេក្ខភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនតទៅមុខទៀត ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះបានថែរក្សាសន្តិភាព ជូនដល់បងប្អូនជនរួមជាតិទាំងអស់។

លោក រ៉ូហ្វី អូស្មាន បានបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានសុខដុមនីយកម្មសាសនា មានសិទ្ធិគោរពប្រតិបត្តិសាសនា ក៏ដូចជាមានការចូលរួមអភិវឌ្ឍន៍ជាតិ និងសហគមន៍ផងដែរ។ ដូច្នេះក្នុងនាម ខ្មែរឥស្លាមក៏ដូចជាបងប្អូនខ្មែរទូទាំងប្រទេស ត្រូវដឹងគុណដល់ថ្នាក់ដឹកនាំរបស់យើង ដែលលោកខំប្រឹងទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងជីវិត និងប្រាជ្ញា ដើម្បីឲ្យប្រទេសជាតិមួយនេះមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ។

លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឲ្យម្ចាស់ជំនួយនានាជុំវិញពិភពលោក បាននាំយកអំណោយចែកជូនខ្មែរឥស្លាម នៅក្នុងខែបួសរ៉ាម៉ាឌននេះ ដូច្នេះហើយក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត៕