(បាត់ដំបង)៖ លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការពង្រឹង វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យនៃប្រទេស នៅពេលនេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

លោក ប៉ាក សុខារ៉ាវុត បានលើកឡើងថាបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដែលបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត នៅសាលាខេត្តបាត់ដំបង។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យ គុណភាពខ្យល់តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។

ជាក់ស្តែងក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួអបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញចំនួន១៧តីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន៣៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី ១២ទីតាំង នៅតាមបណ្តាខេត្ត។ លើសពីក្រសួងបានបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិណ្ណុ» ចល័តទូទាំងប្រទេស។ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណៈ ដោយកម្រិតភាគល្អិតនិចល់ PM 2.5 ជាមធ្យមក្នុងរយៈពេល៣(បី) ខែនេះ ស្មើនឹង២៣,៦០ µg/m3។

ដើម្បីពង្រឹងការត្រួតពិនិត្យការបំពុលបរិយាកាសឆ្លងដែន ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន បានកំពុងចុះត្រួតពិនិត្យគុណភាពខ្យល់ តាមរយៈការដាក់រថយន្តចល័យ«វណ្ណុ» បន្ថែមទៀតនៅក្នុងសប្តាហ៍ទី១ ដើមខែមេសា ឆ្នាំ២០២៤នេះ នៅតាមទីតាំងមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ និងបានចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ អនុម័តនាខែមករា ឆ្នាំ២០២១ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ក្នុងខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម។

សូមបញ្ជាក់ថា សន្ទទស្សន៍គុណភាពខ្យល់ នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញប្រទេសកម្ពុជា មិនទាន់មានការកត់សម្គាល់ពីការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយទេ ពោលគឺកំហាប់ភាគល្អិតនិចល PM2.5 មានកំហាប់ ទាបជាងស្តង់ដាកំណត់គឺ ៥០µg/m3 ជាមធ្យមក្នុង ២៤ម៉ោង។

កន្លងមក ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំង២៥ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស។

ក្រសួងបរិស្ថាន បាននែនាំឱ្យពង្រឹងការទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម និងត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់»។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យសម្អាតធូលី និងធ្វើអនាម័យតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំផងដែរ៕