(ព្រះសីហនុ)៖ ឆ្លងចរន្តអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ ខ្នងស្ទើរតែទាំងស្រុង នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលទាំងព្រឹក។

បន្ទាប់ពីទទួលបានព័ត៌មាននេះកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។

របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាម្ចាស់ផ្ទះមានឈ្មោះ យ៉េន សុខុម អាយុ៣៧ឆ្នាំ មុនពេលកើតហេតុរូបគាត់បានទៅផ្សារពាណិជ្ជកម្មដើម្បីទិញម្ហូបក៏ដូចជាអីវ៉ាន់ប្រើប្រាស់នៅម៉ោង៩៖0៥នាទីព្រឹក លុះនៅវេលាម៉ោង៩៖៣០នាទី ស្រាប់តែទទួលថាអគ្គិភ័យលេបត្របាក់ផ្ទះអស់ត្រឹមមួយប្រប្រិចភ្នែក។

ក្នុងប្រតិបត្តិការសង្រ្គោះនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ដោយបាញ់ទឹកពន្លត់ភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង១០៖២០នាទីថ្ងៃខែឆ្នាំដដែល។

គូសបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ បណ្តោលឱ្យឆេះខូចខាតផ្ទះចំនួន១ខ្នង រួមទាំងសម្ភារៈប្រើប្រាស់ស្ទើរទាំងស្រុង ចំពោះមូលហេតុនៃការឆេះមកពីឆ្លងចរន្តអគ្គិសនី៕