(ស្វាយរៀង)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំខួប ឆ្នាំ២០២៣ របស់មន្ទីរ លើការងារផ្លូវក្រាលខ្សាច់ភ្នំចំនួន ២ខ្សែប្រវែង ១៦,៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ និង៦ម៉ែត្រ កម្រាស់ ១៥សង់ទីម៉ែត្រ និងសាងសង់លូមុខ១ មុខកាត់ ១ម៉ែត្រ ប្រវែង៨ម៉ែត្រ ចំនួន១កន្លែង ស្ថិតនៅឃុំក្រោលគោ ឃុំស្វាយយា និងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះលោក ផូ ផារិទ្ធ បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទមានការរីកដុះដាលជាបន្តបន្ទាប់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនតាមរយៈមានផ្លូវល្អធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរដឹកកសិផលទៅកាន់ទីផ្សារបានងាយស្រួល ជាពិសេសសិស្សានុសិស្សទៅសាលារៀនទាន់ពេល និងអ្នកជំងឺទៅមន្ទីរពេទ្យកាន់តែឆាប់រហ័សទៀតផង។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វិស័យអភិវឌ្ឍន៍ជនបទពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យបានល្អដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីធានាគុណភាពប្រសិទ្ធភាព និងការប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះសូមអាជ្ញាធរជួយណែនាំដល់ប្រជាពលរដ្ឋធ្វើការសាងសង់លំនៅឋានដែលជាប់នឹងផ្លូវកៅស៊ូ ឬផ្លូវបេតុងសូមកុំចាក់ដីខ្ពស់ជាងតួផ្លូវ ដើម្បីកុំឱ្យដក់ទឹកនាំឱ្យខូចផ្លូវផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីចុះត្រួតពិនិត្យវាយតម្លៃលើការងារគម្រោងថែទាំខួបទាំង២ខ្សែខាងលើរួមមក គណៈកម្មាធិការអន្តរក្រសួង បានឯកភាពទទួលយកបញ្ចប់សុពលភាពជាស្ថាពរ៕