(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិតីភាព ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន។

ពិធីនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលប្រព្រឹត្ដទៅនៅបុរី ប៉េង ហួត បឹងស្នោ។

ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា លី ហួរ បានថ្លែងពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សមាគមដែលសម្រេចលទ្ធផលបាននៅឆ្នាំ២០២៣ ។ទន្ទឹមនឹងសមិទ្ធផលនេះ អ្នកឧកញ៉ាក៏បានលើកពីផលប៉ះពាល់ ក៏ដូចជាបញ្ហាប្រឈម និងឧបសគ្គមួយចំនួនដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល កត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗមានសង្គ្រាមរវាងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ផងដែរ។

អ្នកឧកញ៉ា លី ហួរ បានថ្លែងបន្ដថា «កត្តាទាំងនេះបានជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។ បច្ចុប្បន្នគម្រោងបុរី ខុនដូ ការលក់មានការធ្លាក់ចុះជាគំហុក ឬលក់ពុំចេញតែម្ដង អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង»

តាងនាមឲ្យសមាគម អ្នកឧកញ៉ា លី ហួរ បានស្នើសុំឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ដែលជាស្ថាប័នអាណាព្យាលបាលផ្ទាល់ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈម និងវិបត្តិវិស័យអចលនទ្រព្យកំពុងជួបប្រទះនេះ។

ជាការឆ្លើយតបឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានថ្លែងថា «កង្វល់របស់សមាគម ក៏ជាកង្វល់របស់ក្រសួង ដូច្នេះយើងយកឱកាសនេះ ដើម្បីស្វែងរកយុទ្ធសាស្ដ្ររួម សម្រាប់ដើរទៅមុខទាំងអស់គ្នា ដោយពួតដៃគ្នាឈរលើវិថីមួយដ៏ត្រឹមត្រូវ ដើម្បីកុំឱ្យមានការលំបាកទៅថ្ងៃខាងមុខទៀត ពិសេសការខាតបង់ទាំងពេលវេលា និងថវិកា»

ក្នុងអង្គសន្និបាតនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានលើកនូវទិសដៅ និងផែនការការងារ សម្រាប់អនុវត្ដឱ្យភាពរីកចម្រើនប្រកបដោយចីរភាព ចំនួន៨ ចំណុច។ ទន្ទឹមនឹងនោះឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏បានឯកភាពទាំងស្រុងលើការដាក់ចេញនូវទិសដៅ និងផែនការការងារអនុវត្ដសម្រាប់ឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ លើសពីនោះឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏បានលើកយកនូវអនុសាសន៍គន្លឹះមួយចំនួន និងកិច្ចការងារដែលក្រសួងកំពុងប្រឹងប្រែងធ្វើ ដើម្បីរក្សានិរន្ដន៍ភាព នូវឧស្សាហកម្មអចនទ្រព្យ ដែលសំដៅទៅលើលំនៅឋាន និងគ្រឿងបង្គុំសំណង់ ឬឧស្សាហកម្មសំណង់។

សូមបញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគលើវិស័យសំណង់ធំៗ និងបានចុះបញ្ជីសមាគម ដោយទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះសមាជិកសមាគម សរុបមានចំនួន ៧៣ក្រុមហ៊ុន ព្រមទាំងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមាន ប្រធាន១រូប ប្រធានកិត្តិយស១រូប អនុប្រធាន១១រូប ឧត្តមទីប្រឹក្សា១រូប ទីប្រឹក្សាជាន់ខ្ពស់៤រូប ទីប្រឹក្សាបច្ចេកទេស៣រូប ជំនួយការប្រធាន១ រូបអគ្គលេខាធិការ១រូប ទីប្រឹក្សាច្បាប់ និងមេធាវី១រូប ហេរញ្ញិក១រូប រដ្ឋបាល១រូប៕