(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿង ម៉ាក HONDA C125 និងរថយន្ដមួយគ្រឿង ម៉ាក LEXUS RX350 ពាក់ផ្លាកលេខភ្នំពេញ2AV-3221 បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ភាគីរថយន្ដបើកបរដោយឈ្មោះ ហេង សុធាវណ្ណារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះលេខ22សេ ផ្លូវលេខ371 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រួមដំណើរជាមួយប្រពន្ធ)។ ដោយឡែក ភាគីម៉ូតូបើកបរដោយឈ្មោះ ហ៊ន ឡងឌី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ234 ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។

ប៉ុន្ដែនៅក្នុងហេតុការណ៍ បានបង្កឲ្យមានការវែកញែកគ្នានៅតាមបណ្ដាញសង្គម ដោយមតិរបស់មហាជនបានចោទប្រកាន់មកលើសមត្ថកិច្ចថា បានឃុបឃិតជាមួយភាគីរថយន្ដ ដើម្បីផ្លាស់ប្ដូរអ្នកបើកបរ។ មហាជនបានលើកឡើងថា អ្នកបើករថយន្ដជាស្ដ្រី ប៉ុន្ដែនៅពេលដែលសមត្ថកិច្ចចាប់ខ្លួនបែរទៅជាបុរសទៅវិញ។

ទាក់ទិនការចោទប្រកាន់នេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានចេញមកបកស្រាយថា មិនមែនជារឿងពិតនោះទេ ពោលអ្នកបើករថយន្ដ គឺបុរសជាប្ដី ខណៈអ្នករួមដំណើរជាប្រពន្ធ។

តាមរយៈរូបភាពដែលអ្នកសារព័ត៌មានថតបាន ឃើញប្រពន្ធនៅអង្គុយកាន់ចង្កូតនោះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានពន្យល់ថា ដើមឡើយប្ដីជាអ្នកបើករថយន្ដ លុះពេលជួបហេតុការណ៍គ្រោះថ្នាក់ទាំងអ្នកបើកបរ (ប្ដី) និងប្រពន្ធ (រួមដំណើរ) បាននាំគ្នាចុះពីលើរថយន្ដមកលើជនរងគ្រោះ លុះនៅពេលឃើញជនរងគ្រោះដេកដួលនឹងថ្នល់ និងមានអ្នកធ្វើដំណើរផ្សេងទៀតឈប់មធ្យោបាយមើលច្រើនដែរនោះ ក៏បង្កឲ្យមានការកកស្ទះចរាចរណ៍។

ពេលនោះហើយ បុរសជាប្ដី បានប្រាប់ឲ្យប្រពន្ធឡើងទៅបើកឡានដើម្បីអៀបមកកៀន កុំឲ្យមានការកកស្ទះ ស្រាប់តែពេលកំពុងបើកមិនទាន់បានចុះពីលើឡានផងនោះ ក៏មានអ្នកសារព័ត៌មានទៅដល់កន្លែងកើតហេតុ ហើយថតបានប្រពន្ធនៅកាន់ចង្កូតតែម្ដង។ លុះនៅពេលសមត្ថកិច្ចនាំខ្លួនអ្នកបើកទៅធ្វើការសួរនាំ ក៏មានការយល់ច្រឡំថាមានការលួចប្ដូរអ្នកបើកបរទៅវិញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះថា «អ្នកបើកបររថយន្ដ គឺជាមនុស្សប្រុស ដែលមុនពេលកើតហេតុតាមការសាកសួររបស់មន្ដ្រីជំនាញ គាត់បានសារភាពថា មនុស្សប្រុសជាស្វាមីគាត់អ្នកបើក លុះពេលកំពុងកើតហេតុ ខណៈនោះគាត់ចុះពីលើរថយន្ដទៅមើលជនរងគ្រោះទាំងអស់គ្នា ហើយនៅពេលមានបញ្ហាកកស្ទះចរាចរណ៍ ប្រពន្ធគាត់ (ប្រពន្ធអ្នកបើកបរ) ក៏ឡើងសារ៉េឡានកុំឲ្យមានការកកស្ទះ ពេលនោះក៏អ្នកសារព័ត៌មានទៅដល់តែម្ដង»។

យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ ភាគីរថយន្ដបានចូលរួមនូវមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់អ្នកបើកបរម៉ូតូ ដែលបានជួបហេតុការណ៍ដ៏រន្ធត់នេះ។

ជាមួយគ្នានេះសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនអ្នកបើកបរទៅតុលាការ ដើម្បីបន្តនីតិវិធីទៀត៕