(ភ្នំពេញ)៖ ក្រោយជាប់ឆ្នោតក្លាយជាប្រធានព្រឹទ្ធសភាភ្លាម សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ជាមួយការទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំស្ថាប័នមួយនេះ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។

តាមរយៈការថ្លែងសារបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៣ ខែេមសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទូលបង្គំខ្ញុំសូមទទួលយកការទទួលខុសត្រូវដ៏ខ្ពស់បំផុតនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងដោយដឹងច្បាស់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅន ស្ថាប័នរបស់យើងនៅក្នុងដំណើរការកសាង និងពង្រឹងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី ក៏ដូចជាក្នុងការថែរក្សាគុណតម្លៃគ្រឹះ នៃសង្គមរបស់យើង»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានថ្វាយនូវការថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ និងជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ទាំងអស់ ដែលបានផ្ដល់កិត្តិយស និងសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសសម្ដេច ជាប្រធានព្រឹទ្ធសភានីតិកាលទី៥។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោត ក្នុងភូមិភាគទាំងប្រាំ ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានាថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ។ ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តង ទៀតនូវជំនឿជាក់ និងទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវ សន្តិភាព ស្ថិរភាព និងមាគ៌ា អភិវឌ្ឍន៍។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្ដមទាំងពីរ បានជួយពង្រឹង ស្ថាប័នរបស់យើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។

សម្ដេចតេជោ បានអះអាងថា ការប្តេជ្ញាចិត្តរបស់សម្ដេច និងឯកឧត្តមទាំងពីរ ក្នុងការគោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និង សុខុមាលភាពរបស់ប្រជាជនយើង ស័ក្ដិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើងទាំងអស់គ្នា ឲ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង៕