(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា កាលពី ២៥ឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាព្រះគុណដ៏ធំធេងរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា ហើយគំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើនិយាយអំពីព្រឹទ្ធសភានេះ ដំបូងបំផុត យើងត្រូវនឹកទៅដល់ព្រះគុណដ៏ធំធេង របស់ព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលពេលនោះព្រះអង្គបានដឹកនាំដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅ ក្រោយដំណាក់កាលនៃការបោះឆ្នោត។ បើទោះបីជាការបោះឆ្នោតពេលនោះ ត្រូវបានប្រសិទ្ធនាមថា ជាអច្ឆរិយៈតាមដងទន្លេមេគង្គ ក៏ប៉ុន្តែការមិនសុខចិត្ត នៃបក្សនយោបាយមួយចំនួន បង្កើតឡើងឱ្យមានវិបត្តិធ្ងន់ធ្ងរ ក្រោយការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការប៉ុនប៉ងធ្វើឃាតលើសម្តេច នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅឯខេត្តសៀមរាប ក្នុងពេលនោះ ការប្រជុំនៅទីក្រុងភ្នំពេញ មិនអាចធ្វើទៅបានពិតមែនតែមានការព្រមព្រៀងថា ការប្រជុំសភាលើដំបូង ត្រូវធ្វើនៅក្នុងភោជនីយ ក្នុងព្រះបរមរាជវាំង ដោយសម្តេចនឹងបញ្ជូនឧទ្ធម្ភាគចក្រ ២គ្រឿង ថ្វាយព្រះករុណា យាងពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញ ដើម្បីប្រជុំក្នុងភោជនីយ។ ប៉ុន្តែក្រោយមកព្រះករុណា បានសព្វព្រះទ័យ កោះប្រជុំសភា នៅឯសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប៉ុនប៉ងធ្វើឃាត ដែលសម្តេចចាត់ទុកថាជាភ័ព្វសំណាងសម្រាប់ប្រទេសជាតិមួយដែរ ឬភ័ព្វសំណាងផ្ទាល់របស់សម្តេច រឿងនេះ មិនតូចទេ។ ប្រសិនបើពេលនោះសម្តេចស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាត ថ្លុកឈាមនឹងកើតពេញក្រុងសៀមរាបតែម្តង។ សូម្បីតែសម្តេចគ្មានគ្រោះថ្នាក់ ក៏មានមេទ័ពមួយចំនួនទាមទារវ៉ៃប្រហារតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការប៉ងធ្វើឃាតសម្តេច គឺមានរ៉ូកែត ៤គ្រាប់ ផ្ទុះមួយគ្រាប់។ នេះជាព្រឹត្តិការណ៍អាណោចអធម ប៉ុន្តែនៅតែប្រជុំសភាបាន ហើយបន្ទាប់ទៀត ក៏ទៅស្បថនៅអង្គរវត្ត។ ក្រោយការប្រជុំសភាហើយ រាជរដ្ឋាភិបាល មិនទាន់ត្រូវបានបង្កើតទេ។ សមាជិកសភា ដែលបានស្បថហើយ ទើបមានអភ័យឯកសិទ្ធិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរៀបរាប់ថា បន្ទាប់ពីការបោកគ្រាប់បែកចូលផ្ទះសម្តេច នៅទីក្រុងភ្នំពេញ ដោយពួកបាតុកម្មមួយចំនួន ដែលធ្វើការបោះជំរំ នៅមុខរដ្ឋសភា ពេលនោះសម្តេចចេញបទបញ្ជា ហាមឃាត់មនុស្សទាំងអស់ មិនឱ្យចាកចេញពីទីក្រុងភ្នំពេញ។

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក តុល ឡោះ ក្នុងពេលចរចានៅឯក្រុងសៀមរាប បាននិយាយជាមួយសម្តេចថា ​«សម្តេច! ការហាមឃាត់តំណាងរាស្ត្រ មិនឱ្យចាកចេញពីប្រទេស​ វាខុសជាមួយអភ័យឯកសិទ្ធិ»។ សម្តេចតេជោ ហ៊ុន សែន បានចង្អុលប្រាប់ទៅលោក តុល ឡោះ ថា «តើពួកឯកឧត្តម ទៅជាតំណាងរាស្ត្រ ហើយឬនៅ? បើសភាមិនទាន់ប្រជុំ មិនទាន់បានស្បថ ឯកឧត្តម មិនទាន់មានអភ័យឯកសិទ្ធិទេ។ ប៉ុន្តែ ក្រោយការប្រជុំរួចហើយ តំណាងរាស្ត្រ គឺងាយចាកចេញពីប្រទេស»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ភាពជាប់គាំងខាងនយោបាយ ក៏ត្រូវបានបន្ត។ នៅក្នុងពេលជាប់គាំងនោះ គំនិតបង្កើតព្រឹទ្ធសភា កើតចេញពីសម្តេចវិបុលបញ្ញា សុខ អាន ដែលឃើញរឿងនេះ លោក ប្រាក់ សុខុន ក៏បាន ហើយលើកគំនិតនេះ មកជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចក៏បានទៅពិភាក្សាជាមួយសម្តេច ជា ស៊ីម បន្ទាប់ទៅក៏បានប្រជុំគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ថាមានតែវិធីមួយ ដែលអាចប្រើប្រាស់ នូវការចែករំលែកអំណាច នៅក្នុងដំណាក់កាល ប្រព័ន្ធ ២/៣នេះ នោះគឺការបង្កើតព្រឹទ្ធសភា។ យើងក៏បានជូនសារនេះទៅគណបក្ស ហ្វ៊ុន​ ស៉ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ ហើយព្រះកុណាក៏បានកោះប្រជុំ។ បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ពេលនោះ សម្តេចក្រុមព្រះ ក៏ស្នើឱ្យមានការធានាសន្តិសុខ សម្រាប់ព្រះអង្គ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទូលបង្គំ ទទួលខុសត្រូវទៅលើបញ្ហាសន្តិសុខ សុវត្ថិភាពរបស់ព្រះអង្គ ព្រោះវាមានការចាំបាច់ខ្លាំងណាស់ ដោយសារ ហ្វ៊ុន ស៉ិនប៉ិច បានក្លាយទៅជា ហ្វ៊ុន ស៉ិនប៉ិច ច្រើនក្រុម។ ដូច្នេះ មិនអាច​ឱ្យសម្តេចក្រុមព្រះ មានគ្រោះថ្នាក់ទេ»

ប៉ុន្តែ មានមេបក្សនយោបាយមួយ ក៏បានស្នើឱ្យសម្តេចតេជោ ហ៊ុន សែន ធានានូវសន្តិសុខសម្រាប់ពួកគេដែរ។ សម្តេច បានប្រាប់ទៅវិញថា «ចង់ព្រាត់ប្រាស់ទៅណា ក៏ព្រាត់ទៅ។ ទៅខ្លួនឯងបាន មកវិញចាំបាច់ឱ្យខ្ញុំធានា?»

កាលនោះ មាន ៣គណបក្ស ហើយសម្តេចតេជោ ហ៊ុន សែន មិនបានបញ្ចេញឈ្មោះប្រធានបក្សនោះទេ។ ឥលូវ កិច្ចព្រមព្រៀង ១៣វិច្ឆិកា ចំថ្ងៃសុក្រ ទី១៣ ខាងអឺរ៉ុប គេថាមិនល្អទេ ក៏ប៉ុន្តែ ខ្មែរយើងបែរជាល្អ ហើយប្រជុំនៅព្រះបរមរាជវាំង តែម្តង នៅមហាប្រាសាទខេមរិន្ទ។ ខាងភាគី គណបក្សប្រជាជន មានសម្តេច ជា ស៊ីម មានសម្តេចតេជោ ហ៊ុន សែន មានសម្តេចវិបុលបញ្ញា សុខ អាន ហើយលោក ប្រាក់ សុខុន ជាជំនួយការ។ ខាងភាគី ហ្វ៊ុនស៉ិនប៉ិច មានសម្តេចក្រុមព្រះ មានលោក ប៊ួរ គ្រី មានជំនួយការលោក គង់ វិបុល និងមួយចំនួនទៀត។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ទៀតថា ពេលនោះ ក៏បានផ្តួចផ្តើមគំនិតដាក់ចេញនូវសំណើ ពីគណបក្សប្រជាជនកម្ពុជា ឱ្យបង្កើតព្រឹទ្ធសភា។ អីចឹង ព្រឹទ្ធសភា កើតចេញពីការដោះស្រាយវិបត្តិនយោបាយ ប៉ុន្តែ ការបង្កើតស្ថាប័នព្រឹទ្ធសភា ក៏ជាលំនាំនៃប្រទេសជាច្រើន ដែលមានសភា ២ជាន់។ ចំណុចត្រង់នេះ ព្រួយមួយបាញ់បានសត្វច្រើន គឺបញ្ចប់ភាពជាប់គាំងខាងនយោបាយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនោះ ការបែងចែកអំណាច សម្តេច ជា ស៊ីម កាលពីនីតិកាលទី១ ធ្វើជាប្រធានរដ្ឋសភា ហើយសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រុមព្រះ ជានាយករដ្ឋមន្ត្រីទី១ និងទី២។ ការបែងចែកអំណាច គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដែលលែងមានសហនាយករដ្ឋមន្ត្រីទៀតហើយ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ពេលនោះ ព្រះករុណា បិតា មានព្រះរាជបន្ទូលយ៉ាងច្បាស់ថា «ខ្ញុំជាហ្លួង គឺជាមនុស្សទី១ សម្តេច ជា ស៉ីម ជាមនុស្សទី២ សម្តេចក្រុមព្រះ ជាមនុស្សទី៣ សម្តេច ហ៊ុន សែន ជាមនុស្សទី៤»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលច្បាស់ថា «អ្នកទី១ ទី២ និងទី៣ អត់មានអំណាចទេ អំណាចនៅនឹងមនុស្សទី៤ គឺសម្តេច ហ៊ុន សែន»

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា រឿងនេះ វាដូច្នេះ ព្រោះរបបសភា អំណាចនៅនាយករដ្ឋមន្ត្រី។ ត្រង់ន័យនេះ ជាការរម្លឹក អំពីការផ្តួចផ្តើមគំនិតទម្លាយភាពទាល់ច្រក ហើយបើសិនគ្មានតួអង្គព្រះករុណា បិតា ពេលនោះអាចមានវិបត្តិវែងឆ្ងាយ អាចមានការបង្ហូរឈាមក្នុងពេលដែលខ្មែរក្រហម មិនទាន់ចេញពីព្រៃអស់នៅឡើយ។

ដូច្នេះបានជា នៅចុងខែវិច្ឆិកាហើយ ទើបយើងបង្កើត រាជរដ្ឋាភិបាល នីតិកាលទី២ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ជាការប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី២ នៃរដ្ឋសភា ដែលសម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ។ នេះជាការរម្លឹក ដើម្បីឱ្យយើងនឹកឃើញថា ស្ថាប័នព្រឹទ្ធសភា កើតចេញពីទីណា ផ្តួចផ្តើមគំនិតយ៉ាងម៉េច។ សហស្ថាបនិក ដែលបង្កើតរឿងនេះឡើង ឥលូវនេះ បើនិយាយពីតួអង្គ នៅសល់តែសម្តេចតេជោ ហ៊ុន សែន ម្នាក់ទេ ដែលនៅមានជីវិត៕