(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នឹងរៀបចំ «សង្ក្រាន្ដវត្តទួល» នៅវត្តទួលសន្តិវ័ន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨៖០០នាទី ដល់ម៉ោង២២៖០០នាទីយប់។

ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ, លោក ជិន ប៊ុនធឿន សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួមកម្សាន្ដសប្បាយនៅ «សង្ក្រាន្ដវត្តទួល» ឲ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។

លោកអភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងសង្កាត់ទាំង៧ ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ និងញ៊ាំងឲ្យពីធីនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្ដល់ភាពសប្បាយរីករាយ ព្រមទាំងរក្សាបានទំនៀមទម្លាប់ប្រពៃណី និងសិល្បៈដ៏ល្អផូផង់របស់ជាតិ។

នៅក្នុងសង្ក្រាន្ដ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្ដសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈរបាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្ដើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ សម័យ រាំលេងកម្សាន្ដ៕