(មណ្ឌលគិរី)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ គឺជាយន្តការដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ជាអាទិភាពសម្រាប់ឆ្នាំ២០២៤។

លោក ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់នាពេលខាងមុខ។ ក្នុងពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីលោក ឈឹម កាន អភិបាលស្តីទីនៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ជាមួយគ្នានោះលោក ប៉េង ពោធិ៍នា ក៏បានលើកយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មកជម្រាបដល់អង្គពិធី ដែលមានខ្លឹមសារថា ក្នុងឆ្នាំ២០២៤ ជាឆ្នាំនៃការពង្រឹងអ្វី ដែលយើងបាន ឬកំពុងអនុវត្ត ជាជាងពង្រីកអ្វីដែលថ្មី ដូច្នេះសូមគិតគូរដល់គម្រោងដែល កំពុងដំណើរការ និងបញ្ហាប្រឈមនានាដែលកំពុងតែកើតមាន ហើយពង្រឹង និងដោះស្រាយ។ ក្នុងន័យនេះ មិនមានន័យថា ហាមធ្វើអ្វីដែលថ្មីទេ បើគម្រោងឬកិច្ចការនោះជាអាទិភាពនៅតែត្រូវគិតគូរ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការ ប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល។ ជារួមក្រសួងនឹងផ្តោតទៅលើការលើកកម្ពស់ទាំងផ្នែកទន់ និងផ្នែករឹង និងមូលធនមនុស្ស ដែលគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។

លោករដ្ឋមន្ត្រី ក្នុងនាមក្រសួង ក៏បាននាំយកនូវសម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕