(ពោធិ៍សាត់)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះថា រយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា រកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩០នាក់។
លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។
ដោយឡែកប្រតិបត្តិការ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន២នាក់ អប់រំប្រជាពលរដ្ឋចំនួន ៥នាក់ និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ ដកហូតម៉ូតូ ១គ្រឿង និងដើមដំឡូវមីចំនួន ១បាច់។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បច្ចុប្បន្នក្រុមកម្លាំងចម្រុះ ដែលរួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្រ្តីឧទ្យានុរក្សចំនួន ៧៨៩នាក់ ចែកគ្នាជា១០ក្រុម បានប្រតិបត្តិការយ៉ាងក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសកាប់គាស់ រុករាន ដុតឆ្ការ ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាកម្មសិទ្ធិក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០% ក្នុងឆ្នាំ២០៥០៕