(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញក្នុងកិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដឹកនាំដោយលោកស្រី អាន អ៊ុីដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ដើម្បីពិភាក្សាលើសមាសភាពលេខាធិការ អចិន្ត្រៃយ៍បន្ទាប់នៃសមាគម AIMF ដែលគ្រោងនឹងធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

កិច្ចប្រជុំនេះ បានពិភាក្សាសំខាន់លើសមាសភាព នៃការជ្រើសរើសលេខាធិការ អចិន្ត្រៃយ៍ (AIMF) ដែលមានបេក្ខជនចំនួន៥រូប ហើយឥស្សរជនទាំង៥រូបនេះ សុទ្ធតែជាធនធានមនុស្ស ដែលមានសមត្ថភាពខ្លាំងក្លា ក្នុងការជួយដឹកនាំទ្រទ្រង់ (AIMF) ឲ្យកាន់តែមានភាពរឹងមាំ។ ក្នុងចំណោមឥស្សរជនទាំង៥រូបនេះ ត្រូវជ្រើសរើសតែមួយរូបប៉ុណ្ណោះជំនួសលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) ដែលត្រូវចូលនិវត្តន៍។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានភាពជឿជាក់ចំពោះ លោកស្រីអាន អ៊ុីដាល់ហ្គោ (Anne HIDALGO) អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងការជ្រើសរើស លេខាធិការអចិន្ត្រៃយ៍ជំនួសលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) ដែលចូលនិវត្តន៍។

សូមបញ្ជាក់ថា សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើម របស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ លោកជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និង លោក ហ្សង់ ប៉េលឺធៀ (Jean - PELLETIER) អតីតអភិបាលក្រុងកេបក (Québec) ប្រទេសកាណាដា។

សមាគមនេះមានសមាជិកចំនួន ៣០៧មកពី៥២ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ុីដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីស និងលោក ព្យែរ ប៊ែយ៉េ (Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។

សមាគម AIMF ដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង។

នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញ ទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ៕