(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ បានសម្រេចផ្តល់ជំនួយលើវិស័យសុខាភិបាលជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋនៅខណ្ឌដង្កោ។

ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ» រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ រវាងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី Yung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការសម្រេចឱ្យមានកាេសាងសង់មន្ទីរពេទ្យបង្អែកដង្កោ ក្រោមការជួយឧបត្ដមពី KOICA គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងប្រជាជនកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចម្រើន ហើយនេះក៏បង្ហាញឱ្យឃើញពីការរិតចំណងសាគ្គីភាព ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ។

លោក ឃួង ស្រេង បានបន្តទៀតថា ការសម្រេចជ្រើសរើសយកខណ្ឌដង្កោ ដើម្បីសាងសង់មន្ទីរពេទ្យបង្អែកនេះ គឺដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថាទីតាំងនេះល្អមានរោងចក្រ សហគ្រាស កម្មករ និងប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាច្រើននៅទីនេះ ហើយនៅឆ្នាំ២០២៥ខាងមុខនេះ ព្រលានយន្តហោះថ្មីនៅក្បែរទីតាំងនេះ ក៏នឹងត្រូវបើកដំណើរការផងដែរ ដែលធ្វើឱ្យតំបន់នេះ ពោពេញទៅដោយមនុស្សរស់នៅច្រើន ខណៈដែលខណ្ឌដង្កោនេះមានតែមន្ទីរពេទ្យថ្នាក់ជាតិតែមួយសម្រាប់ព្យាបាលជំងឺមហារីក។

លោកស្រី Yung Yeon SHIN បានលើកឡើងផងដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) បានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ២០០៣ បានជួយប្រទេសកម្ពុជា បានចំនួន១៣គម្រោងហើយ ដែលមានទឹកប្រាក់ប្រមាណ ៨៣លានដុល្លារអាមេរិក ហើយគម្រោងសាងសង់អគារមន្ទីរពេទ្យកុមារជាតិនៅក្នុងឆ្នាំ២០០៥ ក៏ស្ថិតក្នុងគម្រោងនេះផងដែរ។ សម្រាប់ការជួយសាងសង់មន្ទីរពេទ្យបង្អែកដង្កោនេះ គឺជាគម្រោងទី១៤ របស់ KOICA ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង៕