(ភ្នំពេញ)៖ លោកបណ្ឌិត យង់​ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សូមប្រជាពលរដ្ឋទាំងអស់គួរតែឈប់ស្តីបន្ទោសដាក់គ្នាពាក់ព័ន្ធនឹងសិល្បៈ ប្រពៃណី វប្បធម៌ តែយើងត្រូវចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាតម្លៃវប្បធម៌ ប្រពៃណី សិល្បៈ ល្បែងប្រជាប្រិយខ្មែរ ដើម្បីបណ្តុះស្មារតីដល់យុវជនឱ្យស្គាល់ និងស្រឡាញ់អ្វីដែលជារបស់ខ្មែរ។

ការចេញមុខមកលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការច្រៀង និងមានសម្តែងកាយវិការនៅក្នុងបទចម្រៀងមួយចំនួនដើម្បីអបអបសាទរពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រាស់ចាកនឹងតម្លៃវប្បធម៌ និងសិល្បៈខ្មែរ ដែលនាំឱ្យមានការជជែកវែកញែកគ្នាជាខ្លាំងនៅលើបណ្តាញសង្គមនានាជាដើម។

លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា សម្រាប់ការរៀបចំពិធីសង្ក្រាន្តនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ក៏មានការចូលរួមសម្តែងពីសំណាក់ក្រុមសិល្បៈមកពីប្រទេសចិន ដើម្បីចូលរួមរឹតចំណងទំនាក់ទំនងកម្ពុជា និងចិន ដល់កម្រិតប្រជាជន និងប្រជាជនទាំងពីរ ដូចអ្វីដែលរដ្ឋាភិបាលទាំងពីរបានប្រកាសនៅពេលថ្មីៗនេះផងដែរ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ ចំពេលដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧, លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា​ ការរៀបចំសង្ក្រាន្តនៅរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយរបស់ខ្មែរ ក៏ដូចជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា៖ «យើងឃើញថារយៈពេលថ្មីៗនេះ មានការស្តីបន្ទោសគ្នា អំពីកាលដែលមិនលើកតម្លៃល្បែងប្រជាប្រិយខ្មែរ ការយកបទចម្រៀងមួយចំនួនមកច្រៀងដែលនាំឱ្យប្រាស់ចាកល្បែងប្រជាប្រិយខ្មែរជាដើម។ អញ្ចឹងមានសារព័ត៌មានសួរមកខ្ញុំថា នេះជាកំហុសអ្នកណា? ខ្ញុំថានេះជាកំហុសរបស់យើងទាំងអស់គ្នា យើងបន្ទោសយុវជនអត់កើតទេ ដោយសារតែយុវជនយកមនុស្សចាស់ជាគរូ អញ្ចឹងយើងបានធ្វើអីជាគំរូ ដូច្នេះ ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នវិទ្យាសាស្ត្រ ជាស្ថាប័នវិទ្យាសាស្ត្រជាន់ខ្ពស់របស់ជាតិ អញ្ចឹងយើងត្រូវតែបង្ហាញ លើកយកនូវអ្វីដែលជាប្រពៃណីចូលឆ្នាំរបស់ជាតិខ្មែរមកបង្ហាញឱ្យមហាជនបានជ្រាប បង្ហាញឱ្យយុវជនបានដឹង អញ្ចឹងយើងឈប់បន្ទោស យើងត្រូវចូលរួមទាំងអស់គ្នា»។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ជាក់ស្តែងរាជបណ្ឌិត្យសភាកម្ពុជា បានលើកយកនូវរបាំ សិល្បៈបុរាណ និងលែងល្បែងប្រជាប្រិយខ្មែរ ដែលនេះគឺជាការបណ្តុះស្មារតីជាតិរបស់យើង យើងអត់បន្ទោសអ្នកណានោះទេ យើងត្រូវតែចូលរួមទាំងអស់គ្នា។

លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច ដល់ក្រសួង ស្ថាប័ន សូមចូលរួមលើកគុណតម្លៃនូវមរតកវប្បធម៌របស់ជាតិកម្ពុជា តាមរយៈការចូលរួមទាំងអស់គ្នា ប្រសិនបើយើងមិនចូលរួម មិនលើកតម្លៃសិល្បៈ វប្បធម៌ខ្មែរទេ នៅពេលបាត់បង់យើងបន្ទោសអ្នកនេះ បន្ទោសអ្នកនោះ មិនត្រូវនោះទេ អញ្ចឹងទាល់តែយើងចូលរួមទាំងអស់គ្នា ចាប់ពីពេលនេះតទៅ។

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងក្នុងវិស័យឯកជន និងវិស័យរដ្ឋ ព្រមទាំងអ្នកផលិតមាតិកាព័ត៌មាន នៅតាមបណ្តាញសង្គមផ្សេងៗទៀតចូលរួមលើកតម្លៃផ្សព្វផ្សាយនូវអ្វីដែលជារបស់ខ្មែរ ផលិតផលខ្មែរ វប្បធម៌ ប្រពៃណីខ្មែរ ប្រសិនបើយើងទាំងអស់គ្នាមិនចូលរួមទេ គ្មាននរណាធ្វើជំនួសយើងនោះទេ កុំនាំគ្នាបន្ទោសប្រទេសជិតខាង យើងត្រូវចាប់ផ្តើមធ្វើដោយខ្លួនយើង៕