(ភ្នំពេញ)៖ កុមារក្រីក្រ និងកុមារដែលធ្លាប់រស់នៅលើគំនរសំរាម នៅស្ទឹងមានជ័យជាង ១ពាន់នាក់ ដែលបច្ចុប្បន្នបានមកជ្រកដំបូល របស់អង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺនៅតែបន្ដទទួលបានការយកចិត្ដទុកដាក់ខ្ពស់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ដោយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ដឹកនាំសហការី ចុះសំណេះសំណាលសួរសុខទុក្ខ ផ្ដល់ជាអំណោយនូវគ្រឿងឧបភោគ បរិភោគ ជាពិសេសបានរៀបចំម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសា ភ្ជាប់ជាមួយនឹងក្ដីស្រលាញ់យ៉ាងកក់ក្ដៅ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈាងមកដល់នៅជាងមួយសប្ដាហ៍ទៀតនេះ។

ក្នុងឱកាសសំណេះសំណាលនេះផងដែរ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតស្រលាញ់ដោយមិនរំលងពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះមាតាមនុស្សធម៌មិនបានអញ្ជើញដោយផ្ទាល់ តែបេះដូងហាក់ឋិតមិនឆ្ងាយ ស្រលាញ់បារម្ដគ្រប់ពេលវេលា សួរនាំ និងចាត់ឱ្យមកកុំឱ្យខាន ពិសេសការរៀបចំអាហារត្រូវតែឆ្ងាញ់ បបូរណ៍ ចម្រុះរសជាតិ។

ដូច្នេះភាពជាក់ស្ដែងក៏កូនក្មួយនិងចៅឃើញ ថ្ងៃនេះក្រុមការងាររបស់កាកបាទក្រហមកម្ពុជា បានរៀបចំជូនកូនក្មួយ យ៉ាងពេញចិត្ដ មានម្ហូបអាហារច្រើនមុខចម្រុះគ្នា រួមទាំងបង្អែមទុកលាងមាត់យ៉ាងឆ្ងាញ់ពិសា មានអ៊ុំពូមីងកំដរ មើលថែថែមទៀត ។

លោកស្រីក៏បានយកឱកាសនេះ ថ្លែងលើកទឹកចិត្ដដល់កុមារនៃអង្គការនេះ ឱ្យខិតខំរៀនសូត្រ ធ្វើជាក្មេងល្អ កូនល្អ សិស្សល្អ ឧស្សាហ៍ព្យាយាម តស៊ូនៅក្នុងជីវិត ចូលប្រព្រឹត្ដតែរឿងត្រឹមត្រូវ ពិសេសត្រូវចេះស្រលាញ់សុខភាពជាចម្បង ស្រលាញ់ខ្លូនស្ងួនចំណី ស្ករតិច ខ្លាញ់តិច អំបិលតិច សុខភាពល្អ ។

ជាមួយគ្នានោះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងអំណរគុណដល់លោកស្រី នួន ភីមាន ស្ថាបនិកនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ អ្នកគ្រូ លោកគ្រូ និងបុគ្គលិកក្នុងអង្គការមួយនេះ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ដ និងថវិកាផ្ទាល់ខ្លូនផងដែរ ដើម្បីមើលថែទំពាំងស្នងឬស្សីរបស់កម្ពុជា បានយ៉ាងល្អ។ ក្នុងនោះលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ដពីក្រៅប្រទេស ដែលបានប្រឹងប្រែងបណ្ដុះបណ្ដាលកុមារនៅកម្ពុជា ដោយមិនយកកម្រៃ ហើយថែមទាំងអំពាវនាវដល់សប្បុរសជនពីក្រៅប្រទេស ជួយផ្ដល់ជាថវិកា និងសម្ភារៈសិក្សាដល់កុមាររហូតមក។

ជាការឆ្លើយតបលោក ចន ជាគ្រូស្ម័គ្រចិត្ដ ជនជាតិ ណូវែលហ្សេឡង់ (New Zealand) បានថ្លែងថា «ខ្ញុំពិតជាពេញចិត្ដ និងស្រលាញ់កុមារកម្ពុជាណាស់ គាត់ជាក្មេងចេះតស៊ូ ស្រលាញ់ការសិក្សា ធ្វើឱ្យខ្ញុំជាគ្រូ មានក្ដីសប្បាយរីករាយក្នុងការជួយពួកគាត់ ត្បិតណាស់ថាមិនមែនសញ្ជាតិដូចគ្នា តែបេះដូងខ្ញុំមានវត្ដមានពួកគាត់ គឺសប្បាយចិត្ដ ហើយខ្ញុំនឹងបន្ដជួយលើកកម្ពស់ការសិក្សារបស់គាត់បន្ដដោយមិននឿយហត់ ពិសេសនិងជួយកៀរគរសប្បុរសធម៌ពីក្រៅប្រទេសបន្ថែមដើម្បីមកជួយកុមារៗនៅទីនេះ»។

ត្បិតណាស់ថា ការជួយជ្រោមជ្រែងក្នុងការជួយកុមារពីសំណាក់ សប្បុរសជនជាតិ និងអន្ដរជាតិ មានជាបន្ដបន្ទាប់ ពិសេសការជួយអស់ពីចិត្ដពីថ្លើមរបស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា តែតម្រូវការដឹងហើយតែងតែមានមិនចេះចប់ មិនចេះហើយ ដូច្នេះលោកស្រី នួន ភី មាន ដែលជាស្ថានិកនៃអង្គការខាងលើ បានថ្លែងឱ្យដឹងថាដោយសារវិបត្ដិកូវីដ១៩ ក៏ដូចជាវិបត្ដិសកលលោក ការជួយឧបត្ថម្ភគាំទ្រ ពីគ្រប់មជ្ឈដ្ឋានក៏មានអន់ថយ។

តែទន្ទឹមនឹងនោះ លោកស្រីស្ថានិកនៃអង្គការជួយលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងគោរពការអំណរគុណដ៏ជ្រាលជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដជួយកូនៗចៅៗ គ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ ពិសេសពីខ្វះខាតតែម្ដង តែងតែលេចវត្ដមានរបស់អ្នកម្ដាយ ជាក់ស្ដែងដូចថ្ងៃនេះ។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៤មេសានេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ លោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាលើកទី១២ ដោយគិតចាប់តាំងពីឆ្នាំ២០១៤ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់កុមារ និងសិស្សានុសិស្សចំនួន ១,២២០នាក់ នៃអង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Chetha, [04/05/2024 08:53 AM]
ក្នុងនោះបាននាំមកនូវអំណោយជាច្រើនក្រៅពីការរៀបចំអាហារ រួមមាន៖៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកក្រូច ៦០កេស, ទឹកសុទ្ធ ១១០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០.០០០.០០០រៀល (ដប់លានរៀល)។ ចំពោះក្មួយៗចៅៗ និងបុគ្គលិកទាំងអស់ ទទួលបានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាមួយពេល ដែលមានមុខម្ហូបដូចជា៖ ទាផ្លិតនំប៉ាវនិងជ្រក់ឆៃថាវ, ខជើងជ្រូកស្ពៃជូរ, ឆាសរសៃកែងគ្រឿងសមុទ្រ, បាយឆា, និងបង្អែម។

ឱកាសនោះ ក្រុមកុមារ និងសិស្សានុសិស្សនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ ក៏បានទទួលស្វាគមន៍គណៈប្រតិភូ ដោយភាពសប្បាយរីករាយក្នុងចិត្ដជាខ្លាំង ក្នុងនោះកុមារៗក៏មានការសម្តែងរបាំជូនពរ នារីជាជួរ និងរបាំគោះត្រឡោក ដែលបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់របស់យើងផងដែរ៕