(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រីព្រមទាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានចូលរួមស្រង់ព្រះនៅវត្តឥសាន្តរតនារាម (វត្តភ្នំស្វាយ) ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២០២៦៨ គ.ស ២០២៤។

គួរជម្រាបដែរថា នៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយប្រជាពលរដ្ឋខ្មែរមានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយសាងនូវកុសលថ្មី។

ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និងមានជំនឿតៗគ្នាថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំពីព្រោះថាទឹកតំណាងភាពត្រជាក់ ម្លោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់។ទាំងអ្នកស្រោចស្រពឱ្យគេ និងគេស្រោចឱ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខនិងជាតិក្រោយ។

អត្ថន័យ នៃពិធីនេះមិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធដែលបានប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះ ពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឱ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬមានគុណ កូនចៅមកស្រោចទឹក ឫងូតទឹកដុសក្អែលឱ្យក៏ដើម្បីបង្ហាញពីការដឹងគុណ និងឱ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា៕